រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម រីកាដូ តួលីធី (Riccardo Puliti) អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC) ក្នុង ឱកាសដែល ឯកឧត្តមអនុប្រធាន មានដំណើរទស្សនកិច្ចនៅកម្ពុជា ។
ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម រីកាដូ កូលីធី និងសហការី ក្នុងឱកាសមកបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ សំខាន់របស់ IFC ដែលបានគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាពជាដៃគូរវាងរដ្ឋនិងឯកជន, និង វិស័យអប់រំ ដែលជាលទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តម រីកាដូ ភូលីធី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រមទាំងបានកោត សរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាមួយ នឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការ រីកចំរើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃ ។ ឯកឧត្តមអនុប្រធាន ក៏បានសម្តែងនូវការកោតសរសើរចំពោះការ រីកចំរើនរបស់កម្ពុជាក្នុងការអភិវឌ្ឍថាមពលស្អាតដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជាតាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញលើវិស័យអាទិភាពសំខាន់ៗជាអាទិ៍៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទាន បៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួមចំណែកជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុង ការរួមចំណែកជំរុញការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យជាអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្ត្រទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឡូជីស្លឹក គឺជាវិស័យគន្លឹះ គាំទ្រការអនុវត្តកម្មវិធីជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រកម្ពុជា ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអាចឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបានដោយជោគជ័យនូវចក្ខុ វិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្ត្រី បានជូនពរ រីកាដូ ភូលីធី ព្រមទាំង សហការីឱ្យទទួលបានជោគជ័យក្នុងដំណើរបេសកកម្មរបស់ខ្លួន និងជឿជាក់យ៉ាងមុតមាំថាបេសកកម្មការងារ នេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី