កណ្តាល, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឃុំខ្លួនអ្នកសារព័ត៌មានSSB TV News ២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធនិងបទល្មើស “គំរាមកំហែងហែកកេរ្តិ៍ “ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ដែលចេញដោយលោកអ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល , ជនសង្ស័យឈ្មោះសួរ សំបូរ ហៅ សុខ សាវុទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន តួនាទីជាចាងហ្វាង SSB TV Newsមានទីកន្លែងកំណើតភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅមុខពេលចាប់ឃាត់ខ្លួននៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការធ្លាប់ជាប់ពន្ធនាគារ គ្មាន។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះនឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន តួនាទីជានិពន្ធនាយក SSB TV News មានទឹកន្លែងកំណើតភូមិព្រែកស្ងោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបូង និងមានទីលំនៅមុខពេលចាប់ឃាត់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការធ្លាប់ជាប់ពន្ធនាគារ គ្មាន។
ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៧៦៥៣ សឃខ/ង ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
បង្គាប់ ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សួរ សំបូរ ហៅ សុខ សាវុធ (មានអត្តសញ្ញាណដូចខាងលើ) ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី នៃច្បាប់ ។ ឱ្យប្រធានពន្ធនាគារខេត្តកណ្តាលទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។ ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕រក្សាសិទ្ធដោយ៖សុទ្ធលី