ថ្មីៗនេះ ករណីរថយន្តព្រុស១គ្រឿង ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចព្យាយាមបើករត់គេច ត្រូវបានប្រជាពលរដ្ឋមួយក្រុមផ្ទុះហិង្សា ឈានដល់វាយបំផ្លាញរថយន្តយ៉ាងដំណំ បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងហេតុ បាននាំគ្នាភិតភ័យ ញ័រសាច់អស់ហើយ នៅពេលដែលបានលឺស្នូរគ្រាប់កាំភ្លើងផ្ទុះឡើង។
ករណីគ្រោះថ្នាក់ចរាចរណ៍ ឈានដល់បង្កហិង្សាវាយបំផ្លាញរថយន្ត និងបាញ់រះនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្សារសាមគ្គីក្រគរ ស្ថិតនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមប្រភពបានរាយការណ៍ឲ្យដឹងថា មូលហេតុដែលនាំឲ្យផ្ទុះហឹង្សានេះឡើង គឺដោយសារតែរថយន្តម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH 5510 បានបើកបុកគេឯងបីបួនតង់ ហើយព្យាយាមបើករត់គេច មិនទទួលខុសត្រូវ ទើបប្រជាពលរដ្ឋផ្ទុះកំហឹង និងស្ទាក់ឃាត់វាយបំផ្លាញយ៉ាងសាហាវបែបនេះតែម្តង។
តែទន្ទឹមនឹងឃើញបែបនេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញប្រតិកម្មរិះគន់ ចំពោះការប្រើអំពើហិង្សានេះ។ តែទោះជាយ៉ាងណា មនុស្សភាគច្រើនបានគាំទ្រ និងឆ្លើយតបទៅនឹងអ្នកប្រតិកម្មវិញថា
«វាបុកគេរះបីបួនតង់ មិនមែនគេដេញជិតទេ ហើយវាមិនព្រមចុះពីលើឡានទៀត គេវាយវាត្រូវនឹងទង្វើវាហើយ, បើកឡានឈ្លើយ ប្រមាថជីវិតគេ គួរតែប្រដៅ ប្រើច្បាប់ព្រៃបែបនេះហើយ…»។
តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺទន្ទឹមនឹងហេតុការណ៍នេះកើតឡើង ក៏ស្រាប់តែគេស៊ែរឲ្យបានដឹងថា កាលពី២ឆ្នាំមុន រថយន្តព្រុសនេះ ធ្លាប់ត្រូវបានពលរដ្ឋម្នាក់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យបងប្អូនដែលធ្វើដំណើរតាមដងផ្លូវ មានការប្រុងប្រយ័ត្ន ព្រោះតែឡានមួយនេះ បើកបរមិនខ្លាចគេឯង វ៉ាជែងដ៏ប្រហើន រកបុកគេពេញតែផ្លូវ រហូតដល់ថ្នាក់គាត់និយាយធ្ងន់ៗបែបនេះថា ឡានថ្លៃ តែចរិកថោកណាស់ អាឡានស្លាកលេខ ភ្នំពេញ-2BH 5510 នេះ មិនដឹងមនុស្សបើក ឬសត្វបើកទេ៕