Wednesday, December 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកងី មានហេង​ ណែនាំឲ្យអាជ្ញាធរដែនដី មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណា ដែលខុសច្បាប់

ភ្នំពេញ ៖ លោកងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ បានអំពាវនាវដល់មន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ ខណ្ឌព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់,អាជ្ញាធរដែនដីខណ្ឌ,សង្កាត់ទាំង១០៥មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់ ព្រោះយើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់ដឹកនាំរួចហើយ។

ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាល នារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៤នេះ លោកងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ខ្នាតតូចមាន មានចំនួនសរុប៣.៨៤៧ ទីតាំង, ស្ថិតិឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង, អគារលក់ ឱសថបូរាណមាន៩២ទីតាំង។
លោកនាយកមន្ទីរសុខាភិបាលបានអំពាវនាវដល់ អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវចាត់ការភ្លាមនៅពេលដឹងថា៖ មូលដ្ឋាននោះបើកអាជីវកម្មលើវិស័យសុខាភិបាល ដោយគ្មានច្បាប់អនុញ្ញាតិ ឬខុសច្បាប់។

លោកបានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៍ណែនាំ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី (ត្រូវចុះមើលផ្កា) មានន័យថាត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។

ឯកឧត្តមអ៊ឹមរ៉ន ហាស្សាន់ អភិបាលរង តំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតីនាពេលនោះ បានមានប្រសាសន៍ថា៖ អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាចផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្តនោះជាអំពើខុសច្បាប់។

ឯកឧត្តមបន្តថា៖ កន្លងមកយើងបានទប់ស្កាត់សេវាសុខាភិបាលឯកជនខុសច្បាប់ជាហូរហែ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌលកែសម្ផស្សខុសច្បាប់ជាដើម។ ឯកឧត្តមអភិ បាលរងរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤សង្កាត់ទាំង១០៥ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ដែលបានចែងក្នុងការណែនាំនិងផ្សព្វផ្សាយ ស្តីពីការពង្រឹងនិយ័តកម្មសុខាភិបាលឯកជននៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×