Wednesday, December 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចបវរធិបតីថាដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចបវរធិបតីជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសហការជាមួយសហរដ្ឋអាមេរិកក្នុងការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួននៅកម្ពុជា។

សម្ដេចបវរធិបតី និងលោកមេបញ្ជាការក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×