Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​១​ខ្សែ ប្រវែង ២.៥០០ ម៉ែត្រ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​ដែល​ចំណាយ​ថវិកា​អស់​៩០​លាន​រៀល​

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ ០១​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ១​ខ្សែ ប្រវែង ២.៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​ដែល​បាន​ចំណាយ​ថវិកា​ក្នុងការ​ស្ថាបនា​អស់​ទឹកប្រាក់​ចំនួន​៩០​លាន​រៀល​។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​មេបញ្ជាការ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា និង​លោក​អភិបាល អភិបាលរងក្រុង​ស្វាយរៀង លោក លោកស្រី​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ចំនួន ១០០​នាក់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បានលើកឡើង​ថាៈ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែរ​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​នឹង​លេច​ជា​រូបរាង​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្អូន​ប្រជាពលរដ្ឋ​ដែល​បានស្នើ​សុំនា​ពេលកន្លងមក​តាមរយៈ​វេទិការ​សាធារណៈ ហើយ​លោក​ក៏​សូម​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយបាន​ជួយឧបត្ថម្ភ​ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​វប្បធម៌ នៃ​ការចែករំលែក និង​ការចូលរួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ក្នុង​ក្រុង​ស្វាយរៀង ជាពិសេស​ក្នុងការ​ដោះស្រាយ និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងមាន​តម្រូវការ​ក្នុងការ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​នេះ ។​

​ជាមួយនេះ លោក ម៉ែន វិបុល ក៏បាន​បញ្ជាក់ថា ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ មិនមែនជា​គម្រោង​ចុងក្រោយ​នោះទេ ជាបឋម​គឺ​យើង​ប្រែក្លាយ​ពី​ផ្លូវដី មកជា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ហើយ​ទៅ​ថ្ងៃមុខ​ខេត្ត​នឹង​ប្រែក្លាយ​ពី​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ទៅជា​ផ្លូវ​ចាក់​បេតុង ឬ​កៅស៊ូ​តែម្ដង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការប្រើប្រាស់​ផ្លូវ និង​ការដឹកជញ្ជូន​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចេះតែមាន​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្របទៅនឹង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជា​ចុងបញ្ចប់ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សង្ឃ័រ​ទាំងអស់ ដែល​កន្លងមក​តែងតែ​ចូលរួម​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​សង្កាត់​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន និង​សូម​ឲ្យ​បងប្អូន​បន្ត​នូវ​វប្បធម៌​ដ៏​ប្រពៃ​នេះ ជាពិសេស​ក្នុង​ដំណើរការ​ស្ថាបនា​ផ្លូវ​ថ្មី​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក និង​ចូល​រូ​ម​ថែរក្សា​ដើម្បី​ធានា​ឲ្យ​ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង ។ ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក៏បាន​ចែកជូន​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ចំនួន ១០០​នាក់ ម្នាក់ៗ​ទទួលបាន សា​រ៉ុង ១ ផងដែរ ៕ វ៉ៃ​កូ​

spot_img
×