Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់

ខេត្ត​កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ខេត្តកំពង់ចាមជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង​ ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤។
នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន។
ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។
មួយវិញទៀតការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការវាស់វែងដីជូនប្រជាពលរដ្ឋនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រោះតែការបញ្ចប់សង្គ្រាម និងការបែកបាក់ជាតិ។ បើគ្មានសុខសន្តិភាព និងមិនអាចបញ្ចប់ការបែបបាក់ជាតិ គឺមិនអាចដំណើរការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដីធ្លីមិនទាន់បែងចែកកម្មសិទ្ធិនៅឡើយនោះទេ។ ឆ្នាំ១៩៨៩ ទើបសម្តេចតេជោ សម្រេចធ្វើកំណេទម្រង់បែងចែកកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពេលមានប្លង់រឹងរួចរាល់ហើយ មិនមាននរណាមកយកដីប្រជាពលរដ្ឋបានទៀតនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែងដីធ្លីធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ជម្លោះប្រជាពលរដ្ឋ និងកសាងផែនការអភិវឌ្ឍន៍មានភាពងាយស្រួល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៦ខែនៃនីតិកាលទី៧ រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដីបានជាង៣លានក្បាលដី និងចេញបណ្ណកម្មសិទ្ធិបាន៨ម៉ឺន ៧ពាន់ក្បាលដី និងនៅសល់ប្រមាណ ១លាន ៣សែនក្បាលដី មិនទាន់វាស់វែង ហើយគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈលទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ បង្ហាញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើការងារពិត ទទួលបានលទ្ធផលជាក់ស្តែង មិនធ្វើតែលើក្រដាស ធ្វើតែលើក្បាលមេក្រូ ឬធ្វើតាមហ្វេសប៊ុកនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនអមនុស្សធម៌ចំពោះប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីនោះទេ តែត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ ដោយមិនត្រូវគ្រប់គ្រងដោយខុសច្បាប់នោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុំជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។ រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល​ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជា​ពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ-ឧស្សា​ហ​កម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×