កំពង់ចាម ៖ នៅក្នុងកម្មវិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដូចខាងក្រោម៖
១. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់ សព្វគ្រប់នៅឆ្នាំ២០២៥, ហើយ រដ្ឋបាលខេត្ត ត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និង ស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី- ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
២. នៅពេលដីធ្លីត្រូវបានចុះបញ្ជី មានបណ្ណកម្មសិទ្ធិរួចរាល់ហើយ ប្រជាជនយើងទទួលបានសុវត្ថិ ភាពផ្លូវច្បាប់ មានតម្លៃសេដ្ឋកិច្ចកាន់តែខ្ពស់។ ដូច្នេះ លោកតា លោកយាយ អ៊ំ ពូ មា មីង បង ប្អូនប្រជាពលរដ្ឋ ត្រូវបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការ ប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជាពិសេស សម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ- ឧស្សាហកម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង នាំចេញ។
៣. បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែងដែលត្រូវរក្សាឱ្យមាន តុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និង ការកម្សាន្ត តាមរយៈការរៀបចំបំពេញ ឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និង ការអភិវឌ្ឍដោយចីរភាព។ លើកិច្ចការនេះ សម្តេចបវរធិបតី ស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ការរៀបចំ ក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និង ស៊ីវិល័យ។
៤. ចំពោះការងារនគរូបនីយកម្ម សម្តេចបវរធិបតី ស្នើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរី ជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យ បានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈាន ឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះ ដឹង និង មានភាតរភាពជាបងប្អូន។
៥. លើមូលដ្ឋាននៃទស្សនាទាន “ការងាររៀបចំដែនដី” សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង រដ្ឋបាលរាជធានី-ខេត្ត ជំរុញការ កសាងផែនការប្រើប្រាស់ដី បង្កើតជារបៀងសេដ្ឋកិច្ច ឱ្យស្របតាមសក្តានុពលអំណោយ ផលពីធម្មជាតិនៃធនធានដី ទៅតាមភូមិសាស្ត្រដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់តាម វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា កសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ជាដើម ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និង ឈានទៅបង្កើនចំណូលរបស់ ប្រជាជន ប្រែក្លាយសក្តានុពលនេះទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាឧទាហរណ៍ ខេត្តកំពង់ចាម ជាតំបន់វាលទំនាបកណ្តាលនៃទន្លេមេគង្គ អាចរៀបចំជារបៀងយុទ្ធសាស្ត្រ តភ្ជាប់ភូមិភាគឦសាន្តមកតំបន់សក្តានុពលកណ្តាលនៃកម្ពុជា ភ្ជាប់ទៅរាជធានីភ្នំពេញ ផង និងជាប់ខេត្តជុំវិញបឹងទន្លេសាប ផង។
៦. ដោយឡែក ខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់លើសក្តានុពលកសិ-ឧស្សាហកម្ម ដើម្បី ជំរុញឱ្យខេត្តនេះ ក្លាយជាមជ្ឈមណ្ឌលកែច្នៃផងដែរ ដើម្បីបង្កើតការងារ និងចំនូលបន្ថែម ជូនប្រជាពលរដ្ឋឱ្យបានច្រើនថែមទៀត។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង រដ្ឋបាលខេត្ត និង មន្ទីរជំនាញ យកចិត្តទុកដាក់បន្ថែមលើការជំរុញការងារអប់រំ និងបណ្តុះ បណ្តាលជំនាញបច្ចេកទេសដល់យុវជន៕រក្សាសិទ្ធដោយ៖សុទ្ធលី