ពិតណាស់ ទើបតែចេញ MV បទ «សេកមន្ត» មិនទាន់អស់ចំហាយមហាជនរិះគន់ដូចទឹកបាក់ទំនប់ផង ឥឡូវនេះ បទថ្មីរបស់តារាចម្រៀងចាស់វស្សាឧកញ៉ា ព្រាប សុវត្ថិ គ្រាន់តែចេញក្បាល MV ភ្លាម ត្រូវបានមហាជនជាច្រើន ផ្ទុះការរិះគន់ដូចព្យុះភ្លៀងទៀតហើយ ខណៈបទថ្មីនេះមានចំណងជើងថា «កុលាបមានបន្លា»។
អ្វីដែលធ្វើឲ្យមហាជននៅតែមិនពេញចិត្តនោះ គឺត្រង់ថា បើទោះជាច្រៀងហាក់មានទឹកដមជាងមុនបន្តិចក្តី ប៉ុន្តែ ស្តាប់មិនចូលត្រចៀកនោះទេ វ៉ល់ៗស្តាប់មិនយល់ មិនដឹងជាអត្ថន័យអ្វី ខណៈអ្នកខ្លះថា អត្ថន័យចង់ឌឺដងទៀត។ ហើយអ្វីដែលគួរឲ្យជ្រិញខ្លាំងបំផុតនោះ គឺមិនចោលស្ទាយដដែលៗ អ្នករាំដូចស្រមោចហ្នឹងសោះ។
គួរកត់សម្គាល់ថា បើតាមសង្កេតជារួម នោះមតិមហាជនចង់ឲ្យលោកឧកញ៉ា ព្រាប សុវត្ថិ ងាកត្រឡប់ទៅអតីតកាល ដែលរាល់បទចម្រៀងរបស់លោកកាលពី ១០, ២០ ឆ្នាំមុន គឺគួរឲ្យចូលចិត្តស្តាប់ខ្លាំងណាស់ ប៉ុន្តែ ចាប់តាំងពីប្តូរចេញពីទ្រនំចាស់ផលិតកម្ម ហង្ស មាស មកកាន់ទ្រនំថ្មី Galaxy មក គឺធ្វើឲ្យមហាជនអស់ការគាំទ្រស្ទើរទាំងស្រុង។
ហេតុនេះ បើទោះជាលោកឧកញ៉ា ព្រាប សុវត្ថិ ខិតខំច្រៀងពិរោះរណ្តំយ៉ាងណា ក៏នៅតែមិនអាចឆក់យកបេះដូងមហាជនគាំទ្រទៀតឡើយ ប្រសិនបើមិនប្តូរស្ទាយដូចមុននោះ៕