Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

ភ្នំពេញ ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយ សាមគ្គីភាពមហាគ្រួសារខ្មែរ និងការយល់ដឹងអំពីការងារព្រំដែន។ តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ បានបញ្ជាក់អះអាងជូនប្រជាពលរដ្ឋអ្នកចូលរួមទាំងអស់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី របស់រាជរដ្ឋាភិបាល តាំងពីជំនាន់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាពិសេសឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែតឡើយ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសានសម្រាប់ជើងទី១១ នេះ ប្រជាពលរដ្ឋជិត ២០០នាក់ បានធ្វើទស្សនកិច្ចផ្ទាល់នៅលើតម្រាយផ្លូវតាមខ្សែក្រវាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ៦៩ នៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ រហូតដល់បង្គោលព្រំដែនលេខ៦៥ ច្រកទ្វារព្រំដែនឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅលើផ្លូវក្រវាត់ព្រំដែនដែលសាងឡើងដោយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ។

បន្ទាប់មក ក្រុមប្រជាពលរដ្ឋបានបន្តដំណើរទៅមើលបង្គោលព្រំដែនលេខ៤៨/២១(១) នៅច្រកដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានចូលទស្សនារមណីដ្ឋានភ្នំណាមលៀមុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានថ្លែងដោយស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបានបោះបង្គោលព្រំដែនបានយ៉ាងត្រឹមត្រូវ និងរឹងមាំជាមួយប្រទេសជិតខាង និងបានអះអាងថា «លឺ១០០ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក១ដង»។ ពួកគេបញ្ជាក់អះអាងថា ការភូតកុហក និងបំភ្លៃការពិតនៅលើបណ្តាញសង្គមដោយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ។

ប្រជាពលរដ្ឋ ក៏បានសម្តែងការអរគុណយ៉ាងក្រៃលែងចំពោះទស្សនៈវិស័យវែងឆ្ងាយប្រកបដោយចក្ខុវិស័យច្បាស់លាស់និងយុទ្ធសាស្ត្រជ្រាលជ្រៅក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ឱកាសឱ្យមានដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលបានចាប់ផ្តើមកាលពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ នេះ សរុបមានចំនួន ១១ លើក ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួនជាង ២៤០០ នាក់ ដើម្បីសិក្សាស្វែងយល់ការពិត និងជម្រះមន្ទិលសង្ស័យជុំវិញបញ្ហាការបោះបង្គោលព្រំដែន នាពេលកន្លងមក។ ថវិកាចំណាយលើដំណើរទស្សនកិច្ចនេះ ឧបត្ថម្ភដោយ សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×