ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរាត្រីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិស្សនិន្ទេសA និងឪពុក ម្តាយ អាណាព្យាបាលសិស្សខេត្តកំពង់ចាម ដើម្បីត្រៀមខ្លួនជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃស្អែក នារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានលើកឡើងថា ការជួបជុំប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលនារាត្រីនេះ គឺដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ក្នុងនាមក្មួយៗ ដែលជាទំពាំងស្នងឫស្សី និងជាយុវជនបន្តវេន នាថ្ងៃអនាគត គឺត្រូវធ្វើខ្លួនឲ្យបានល្អប្រសើរ និងប្រកាន់នូវគោលជំហររឹងមាំ ដើម្បីជាសសរទ្រូងសម្រាប់គ្រួសារ និងសង្គមជាតិ ជាពិសេសត្រូវចាប់យកជំនាញអ្វីមួយឲ្យបានច្បាស់លាស់ ដើម្បីទៅជួយអភិវឌ្ឍន៍ស្រុកភូមិកំណើតរបស់យើង។
គួរបញ្ជាក់ថា ខេត្តកំពង់ចាម មានបេក្ខជនមកប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៨៦៩៣នាក់ បេក្ខជនប្រឡងជាប់ចំនួន ៦៦១០នាក់ ស្មើនឹង ៧៦.០៤% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១១៥នាក់ ខណៈ បេក្ខជនប្រឡងជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ២២១៦នាក់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី