ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទី បាន ៨៥ម៉ឺនតោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេស មានបរិមាណ ៨១ម៉ឺន ៥ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាម ជិត ៨០ម៉ឺនតោន គិតជាទឹកប្រាក់ ១.១៥០លានដុល្លារអាម៉េរិក កើនឡើង ៣១ភាគរយ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ការដាំដុះ និងទិន្នផលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ បានគ្របដណ្តប់ប្រហែល ៣០ភាគរយនៃទិន្នផលទូទាំងប្រទេសកម្ពុជា ស្របពេលដែលខេត្តកំពង់ធំ គឺជាទីតាំងមានសក្តានុពលជាងគេផ្នែកផលិតកម្មស្វាយចន្ទី ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល ទើបអនុញ្ញាតឱ្យបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា មូលហេតុដែលបរិមាណនាំចេញមានកំណើនបែបនេះ ដោយសារបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានភាពអំណោយផល ព្រមទាំងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើផលិតកម្មស្វាយចន្ទី ដែលមានដូចជា ការរៀបចំគោលនយោបាយ និងសួនកសិ-ឧស្សា ហកម្មកំពុងចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន។
លោក បានបន្តថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាផលិតផលសម្រេចរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានបរិមាណកាន់តែច្រើនចាប់ពីដើមឆ្នាំ ២០២៥ តទៅ ខណៈក្រុមហ៊ុនក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០តោនក្នុង ១ថ្ងៃ។
គួរបញ្ជាក់ថា បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឲ្យដឹងថា គិតរហូតដល់ពេលនេះ កម្ពុជា មានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម មានសមត្ថភាពផលិត ៧ពាន់តោន ទៅ ១៤ម៉ឺនតោន ក្នុងមួយឆ្នាំ៕