Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្ហោះសារនៅក្នុងគណនីរបស់ឯកឧត្តមថា៖ «ថ្ងៃនេះ: ថ្ងៃនេះ, តាមរយៈឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ, ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈនេះ អ្នកកាសែត ដែលមហាជនស្គាល់ឈ្មោះថា ពូ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ។

ចំពោះករណីនេះ បន្ទាប់ពីឯកឧត្ដម នេត្រ ភក្រ្តា បានទាក់ទងមកខ្ញុំ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ជាពិសេស ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និង ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន, ខ្ញុំ ក៏បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃវិស័យយុត្តិធម៌ និងបានធ្វើការសម្របសម្រួលជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីដកពាក្យបណ្តឹង និងឈានទៅបញ្ចប់ករណីបណ្តឹងលើអ្នកកាសែតឈ្មោះ ផាត់ ហ៊ន។ ខ្ញុំសូមអរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ។

ខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើតុលាការដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បែរជាធ្វើការសម្រេចចិត្តប្តឹងបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដើម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់ គឺ ច្បាស់ណាស់ ជាការសម្រេចចិត្តដ៏លំបាក និង ដោយសារពុំមានជម្រើសណាល្អផ្សេងពីនេះ ហើយការប្តឹងទៀតសោត គឺពុំមានគោលបំណងអ្វីក្រៅពីការរកយុត្តិធម៌អោយខ្លួនឯង ទៅតាមគន្លងក្នុងសង្គមនីតិរដ្ឋ ពិសេស គឺការការពារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរបស់ខ្លួនប៉ុណ្ណោះ។

ក្រោយភ្លៀង, មេឃស្រឡះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់ ហើយក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមមេត្តាសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។ ជាមួយគ្នានេះ ខ្ញុំស្នើដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានសម្រេចដកពាក្យបណ្ដឹងពី លោក ផាត់ ហ៊ន ហៅ ហ៊ន ជាអ្នកសារព័ត៌មាន នៃអង្គភាពសារព័ត៌មាន KH News Plus ក្រោយឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើមកកាន់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សារកដំណោះស្រាយសមស្រប ក្នុងការជួយជំរុញ និងលើកកម្ពស់ដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា” រក្សាសិទ្ធិដោយ៖សុទ្ធលី

×