Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព «ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម និងការចេះគោរពគ្នាទៅវិញទៅមក ដែលនាំឱ្យមានផលិតភាពការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ និងមានបរិយាកាសការងារមនោរម្យ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល ជាពិសេសជំនាញក្នុងការបង្កើតនូវគំនិតនវានុវត្តន៍ លើការផលិតសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិ ដែលបានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចតទៅ (១) ពង្រឹងធនធានមនុស្ស លើកកំពស់សមត្ថភាពរបស់មន្រី្តមជ្ឈមណ្ឌលជាប្រចាំ (២) ផលិតសារអប់រំសុខភាព ពិសេសធ្វើស៉្បតឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបតាមតំរូវការរបស់ប្រជាជន (៣) ធ្វើការតាមដាន វាស់វែងប្រសិទ្ធភាព សកម្មភាពអប់រំសុខភាព ដើម្បីកំណត់នូវលទ្ធផល ដូចជាលទ្ធផលរយៈពេលវែងដែលនាំឱ្យមានការកាត់បន្ថយ អត្រាឈឺ អត្រាស្លាប់ និង លទ្ធផលរយៈពេលខ្លីដូចជាការផ្លាស់ប្តូរឥរិយាបថ (៤) ជំរុញការដាក់គោលដៅប្រចាំឆ្នាំ និងធ្វើការអប់រំសុខភាព ដែលមានលក្ខណៈផ្អែកលើឯកសារភស្តុតាង (evidence-based health education) និងគិតគូរធ្វើការផលិត បែប នវានុវត្តន៍ថ្មីៗ ទំរង់ថ្មីៗ ប្លែកៗ ប្រើប្រាស់តួថ្មីៗ ដើម្បីបង្កើនភាពចម្រុះនៃការអប់រំនិងប្រសិទ្ធភាពនៃការអប់រំ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើរដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ សូមជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×