Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត​ នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមអភិបាលខេត្តបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន​ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, ឯកឧត្តមអភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។ ជាមួយគ្នានោះ, ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន, ឯកឧត្តមប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរ ចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦​ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០, ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុន​ទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ​ នៅប្រទេសជប៉ុន។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត, បច្ចេកវិទ្យា និង​ ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុនទាំងនាពេលបច្ចុប្បន្ន និងអនាគត។ សម្ដេចបវរធិបតីក៏បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តមីយ៉ាហ្គិ បន្តភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដេីម្បីដាក់ចេញជាផែនការអភិវឌ្ឍជាក់ស្ដែង នាថ្ងៃអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×