ភ្នំពេញ៖ ប្រជាជនរស់នៅក្នុងបុរីភ្នំពេញថ្មី បានធ្វើការតវ៉ាទំនាស់ជាមួយនឹងសន្តិសុខ យាមកាមរបស់ក្រុមហ៊ុនហ៊ុនបុរីភ្នំពេញថ្មី ដោយសារតែមានការបិទច្រកផ្លូវមិនឲចេញចូលដោយចោទថា មកពីប្រជាជនខ្លះមិនបានបង់ថ្លៃសេវ៉ាសន្តិសុខ ព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក ឆន សោភា អាយុ៤៥ឆ្នាំ តំណាងប្រធានក្រុមសន្តិសុខក្នុងបុរីនេះបានឲ្យដឹងថា មូលហេតុដែលពួកគាត់បានបិទបារ៉ាស់មិនឲ្យប្រជាជនរស់នៅទីនេះចេញនោះដោយសារតែប្រជាពលរដ្ឋមួយចំនួនតូច មិនព្រមបង់ថ្លៃសេវ៉ាសន្តិសុខចំនួន៥ខែមកហើយ តែ នោះជាបញ្ជារបស់ថ្នាក់លើទេ។
លោក ភូ សម្បត្តិ តំណាងរបស់ក្រុមហ៊ុនបានបំភ្លឺថា ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះមានចំនួន៨២ផ្ទះ ហើយខាងក្រុមហ៊ុនបានតម្រូវអោយពួកគាត់ត្រូវតែបង់ថ្លៃសេវា សន្តិសុខ ចំនួន៣០ដុល្លារក្នុង១ខែៗ។ ម្ចាស់ផ្ទះភាគច្រើនគេបង់អស់ហើយ នៅសល់តែ១០ផ្ទះទៀតប៉ុណ្ណោះដែលម្ចាស់មិនព្រមបង់ឲ្យ។ មូលហេតុដោយសារការដំឡើងថ្លៃ៥ដុល្លារបន្ថែមទៀតប៉ុណ្ណោះ។
ភាគីខាងប្រជាជនមានលោក ថេង សុីធឿន អាយុ៥៥ឆ្នាំ ជាតំណាងក្នុងនៅការតវ៉ានេះបាននិយាយថា មូលហេតុនៃការតវ៉ានេះគឺដោយសារតែខាងម្ចាស់បុរីបានតម្លើងថ្លៃសេវ៉ាសន្តិសុខច្រើនពេក និងការបំរើសេវ៉ាសន្តិសុខក៏មិនបានល្អ។ គាត់ថា នឹងសំណូមពរ សុំឲ្យដកក្រុមសន្តិសុខដែលយាមរាល់ថ្ងៃនោះចេញ ហើយសុខចិត្តរៀបចំដាក់សន្តិសុខថ្មីដោយខ្លួនឯង បើសិនមានប្រជាជន៥០%បានផ្តិតមេដៃឯកភាពតាមនោះ។
ប្រជាជនរស់នៅទីនោះបាននិយាយថា តម្លៃសេវាសន្តិសុខរាល់ថ្ងៃនៅទីនេះគឺវាថ្លៃលើសបុរីផ្សេងៗទៀត។ តម្លៃសេវាគិតតែពីតម្លើងរហូត ដែលពីមុនតម្លៃ២០ដុល្លារក្រោយមកឡើងដល់២៥ដុល្លារ ហើយថ្មីៗនេះខាងក្រុមហ៊ុនគេបានទាមទារតម្លើងថ្លៃ៥ដុល្លារទៀត សរុប៣០ដុល្លារក្នុង១ខែ ចឹងហើយទើបបានជាពួកគាត់មិនយល់ព្រម រហូតមានការតវ៉ាបែបនេះ។
ទំនាស់បានបញ្ចប់ដោយខាងតំណាងក្រុមហ៊ុនបានធ្វើការសម្របសម្រួសគ្នាជាមួយប្រជាជនដោយយល់ព្រមប្រគល់សេវ៉ាសន្តិសុខឲ្យទៅប្រជាពលរដ្ឋគ្រប់គ្រងវិញបើសិនជាពួកគាត់បានគាំទ្រផ្តិតមេដៃលើសពីចំនួន៥០ភាគរ៕ ដោយ៖បញ្ញាស័ក្តិ