ភ្នំពេញ ៖ លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំង ចំនួន១៣នាក់ផ្សេងទៀត នៅកណ្តាលរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ សរុប១៤នាក់បានចាកចេញពីពន្ធនាគារហើយ។ ការដោះលែងនេះ បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យលើកលែងទោស ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា ការដោះលែងលោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត (ទាំងអស់១៤នាក់) ត្រូវធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។
មន្ត្រីជាន់ខ្ពស់តុលាការបានបញ្ជាក់ថា ការដែលមិនទាន់ ដោះលែងអ្នកទាំង១៤នាក់ នៅវេលាម៉ោង៩៖៣០នាទីយប់នោះ គឺដោយសារហេតុផលសន្តិសុខ មានមនុស្សយ៉ាងច្រើន នៅខាងមុខពន្ធនាគារ ដូច្នេះការដោះលែងត្រូវពន្យារពេលដល់ពេលនេះ (ម៉ោងប្រមាណ១២យប់) ហើយអ្នកទាំងអស់គ្នា នឹងត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកជញ្ជូនទៅកាន់គេហដ្ឋានតែម្តង ដោយសារការពារសុវត្ថិភាព។
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ លើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖
១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ
២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ
៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ
អ្នកទាំងនេះ (៣នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.ព្រ.ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។
៤៖ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ
៥៖ ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ
៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ
៧៖ ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ
៨៖ ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ
៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ
១០៖ ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ
១១៖ ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ
អ្នកទាំងនេះ (៨នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម។ សាលក្រមព្រហ្មទណ្ឌនេះ ត្រូវបានភាគីជនជាប់ចោទប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានចេញសាលដីកាលេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប។
១២៖ ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ
១៣៖ ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ
១៤៖ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ
អ្នកទាំង១១នាក់ខាងលើនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល០៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម។
គួរកត់សម្គាល់ផងដែរថា អ្នកទាំង១៤រូបខាងលើបានសម្រចដកបណ្តឹងសាទុក្ខ និងបណ្តឹងបណ្តឹងឧទ្ធរណ៍នាព្រឹកម៉ិញនេះ ដែលនាំឲ្យសាលក្រម និងសាលដីការបស់តុលាការ បានចូលជាស្ថាពរ ដែលជាផ្នែកមួយ នៃការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សំណុំរឿងនេះតាមនីតិវិធីច្បាប់ និងឈានទៅស្នើសុំលើកលែងទោស។
អ្នកជាប់ទោសទាំង១៤នាក់នេះបានធ្វើលិខិត គោរពស្នើសុំលើកលែងទោស ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សេន បានសរសេរនៅក្នុងកម្មវត្ថុថា «សំណើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ស្នើលើកលែងទោសឲ្យយើងខ្ញុំទាំងអស់គ្នា បានរួចផុតទោស និងមានសេរីភាព»៕ ដោយ៖បញ្ញាស័ក្តិ