ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ នាំយកទៅប៉ុស្តិ៍វាស់ជាតិអាកុល រកឃើញកម្រិតអាកុល ០,៤៦mg/L បន្ទាប់ពីគាត់មានស្ថានភាពស្រវឹងជោកជាំ បើកបររថយន្តម៉ាក Toyota TACOMA ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់០៣នាក់ របួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីនអន៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃ១០ ខែមករា ឆ្នាំ២០២៥ ។
នៅម៉ោង០៨និង២០នាទីយប់ថ្ងៃទី១០ មករា ២០២៥ នេះ កូនស្រីតូចដែលរងរបួស នាងបាត់បង់ជីវិតហើយ ខណៈសមាជិកមួយគ្រួសារមានគ្នា ០៤នាក់ បានស្លាប់០៣នាក់ហើយ នៅសល់តែម្តាយ(របួសដាច់ជើង)ប៉ុណ្ណោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ បើកបររថយន្តម៉ាក Toyota TACOMA ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក Honda Click (បញ្ច្រាសទិសគ្នា) ពេញទំហឹងប៉ើងខ្ទាតទាំងម៉ូតូហោះទៅលើចិញ្ចើមផ្លូវ រីឯរថយន្តក្រឡប់ផ្ងារជើង បណ្តាលឲ្យស្ត្រីជាម្តាយ រងរបួសដាច់ជើង ចំណែកឯ ឪពុក និងកូនប្រុសស្រី ២នាក់ទៀត បានស្លាប់ពេលបញ្ចូនទៅសង្គ្រោះ ។
អ្នកបើកបរស្រវឹងជោគជាំទៅហើយ ត្រូវបានប្រជាពលរដ្ឋជួយឃាត់គាស់ចេញពីរថយន្តដែលក្រឡាប់ប្រគល់ជូនសមត្ថកិច្ចនាំទៅប៉ុស្តិ៍វាស់អាកុល រកឃើញកម្រិតអាកុល ០,៤៦mg/L ៕ រក្សាសិទ្ធដោយ៖សុទ្ធលី