Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លើកទឹកចិត្តដល់ក្រុមការងារព័ត៌មាននិងសាធារណមតិគ្រប់កម្រិតក្នុងខេត្តកណ្តាល ឱ្យខិតខំធ្វើការងារជាក្រុមនិងដោយស្មារតីទទួលខុសត្រូវខ្ពស់

ភ្នំពេញ ៖ ថ្លែងបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ” នៅខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មានគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ការថែរក្សាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ គឺចាំបាច់ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នាជាធ្លុងមួយ និងត្រូវបន្តអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារ និងជាកត្តាកំណត់ជោគជ័យ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងទាន់ពេលវេលា បន្សាបទៅលើព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច និងសង្គម។

ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ និងការចងបណ្តាញក្រុមការងារព័ត៌មាននិងសាធារណមតិក្នុងកម្រិតខេត្ត ដល់ឃុំ សង្កាត់នាឱកាសនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារព័ត៌មាននិងសាធារណមតិ ក្រុមយុវជននិងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងមូលដ្ឋាននៃខេត្តកណ្ដាល សរុបចំនួនប្រមាណជិត៥០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ ( គ.ស.ព.ស.)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ គ.ស.ព.ស. បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាព មន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដែលក្រុមមន្ត្រី៥រូប ដើរតួនាតីដ៏សំខាន់ជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសរំលេចថា នៅដើមឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ជាពិសេសគឺចេញពីក្រុមរកកម្រៃតាមអនឡាញ (MMO) ដែលទាមទារឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់កាន់តែខ្លាំងលើការងារគ្រប់គ្រងសាធារណមតិនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា គោលបំណងដ៏សំខាន់នៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺការរៀបចំរបៀបរបបការងារឱ្យស្របតាមស្មារតីនៃអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅរបស់ គ.ស.ព.ស. ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាពមន្ត្រីដែលកាន់ការងារព័ត៌មាននិងសាធារណមតិ, ដោយអនុវត្តតាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ ផ្សព្វផ្សាយ និងការឆ្លើយតបព័ត៌មានបានលឿន រហ័ស និងទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×