កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កម្មវិធី”រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន២០២៥”ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា។
ក្នុងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានមានប្រសាសន៍ថាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនតំណាងឱ្យចក្ខុវិស័យដ៏ស្រស់ស្អាតនៃការជួបជុំគ្រួសា លាចាស់និងស្វាគមន៍ថ្មី និងបួងសួងឱ្យមានសុខភាពល្អ ហើយតំណាងឱ្យតម្លៃនៃការស្វែងរកភាពសុខដុមរមនានិងសុភមង្គល។ កាលពីឆ្នាំមុន ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ មិត្តភ័ក្តិកម្ពុជាក៏មានទំនៀមទម្លាប់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនផងដែរ ដូចជាការបិទពាក្យទំនឹមជូនពរឆ្នាំថ្មីចិនChunlian របាំនាគ និងម៉ុងសាយជាដើម សកម្មភាពអបអរទាំងនេះអាចរកឃើញស្ទើរតែនៅគ្រប់ទីកន្លែង។ អាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យរួមគ្នារវាងប្រជាជនចិន និងកម្ពុជា និងជានិមិត្តរូបដ៏សំខាន់នៃមិត្តភាពរវាងប្រជាជនទាំងពីរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារសារព័ត៌មាន ត្នោត អ៊ែប ដែលបានសហការរៀបចំកម្មវិធីនាពេលនេះ ហើយលោកជំទាវបណ្ឌិតសភាចារ្យក៏បានអរគុណផងដែរចំពោះបងប្អូនសិល្បករ សិល្បការិនីកម្ពុជានិងចិន ដែលផ្តល់នូវទស្សនីយភាពសិល្បៈក្នុងពិធីនាពេលនេះ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី មង្គលថ្មី។
លោកជំទាវបណ្ឌិតសភាចារ្យចាត់ទុកថា កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ ឆ្នាំនេះ ក្រោមប្រធានបទ “រីករាយឆ្នាំម្សាញ់ ចិននិងកម្ពុជា អបអររួមគ្នា” ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការបន្តរឹតចំណងមិត្តភាពនិងចំណងវប្បធម៌ដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជានិងចិន។ ឆ្នាំម្សាញ់ជាឆ្នាំសំខាន់ក្នុងប្រតិទិនតាមចន្ទគតិរបស់ប្រជាជនចិន ដែលជានិមិត្តរូបនៃប្រាជ្ញា ភាពរហ័សរហួន និងការផ្លាស់ប្តូរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរនៃវប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងវប្បធម៌នៃប្រទេសយើងទាំងពីរផងដែរ។ ឆ្នាំថ្មីនេះ យើងទាំងអស់គ្នានៅតែបន្តការងាររួមគ្នាលើគ្រប់វិស័យ និងលើគ្រប់ទិដ្ឋភាព ដើម្បីភាពកាន់តែរឹងមាំនៃមិត្តភាពប្រទេសទាំងពីរ ហើយការធ្វើការរួមគ្នានៅគ្រប់ពេលវេលាទៅមុខ ទាំងនាពេលបច្ចុប្បន្ននិងអនាគតសុទ្ធតែជាឆ្នាំគន្លឹះសម្រាប់បន្តពង្រឹងកិច្ចសហការរវាងប្រជាជាតិនៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសដ៏រីករាយនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមអបអរសាទរជាមួយនឹងរដ្ឋាភិបាលចិន ក៏ដូចជា ប្រជាជនចិនទាំងអស់ ចំពោះការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាសម័យប្រជុំលើកទី១៩ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ដែលការចុះបញ្ជីនេះបញ្ជាក់ឱ្យឃើញពីតម្លៃនៃវប្បធម៌ប្រពៃណីនិងការរួមគ្នាថែរក្សាមរតកដែលមនុស្សជាតិបានបង្កើតនិងប្រតិបត្តិ។ លោកជំទាវបណ្ឌិតសភាចារ្យថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលជានិច្ចកាលបានផ្តល់នូវកិច្ចសហការ ជ្រោមជ្រែង និងជួយសម្របសម្រួលលើគ្រប់កម្មវិធី និងគ្រប់ព្រឹត្តិការណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសចិន ដែលនាំឱ្យប្រទេសយើងទាំងពីរអាចរៀបចំព្រឹត្តិការណ៍រួមគ្នាបានយ៉ាងច្រើន រលូននិងជោគជ័យ។
លោកស្រីលោកស្រី ហាន លី នាយកប្រតិបត្តិនៃក្រុមហ៊ុនសារព័ត៌មាន ត្នោត អ៊ែប ដែលជាអ្នករៀបចំកម្មវិធី បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ដែលបានគាំទ្រ និងផ្តល់ការណែនាំ។សូមអរគុណដល់ការគាំទ្ររបស់ម្ចាស់ឧបត្ថម្ភកម្មវិធី។ លោកស្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សារព័ត៌មាន ត្នោត អ៊ែប កាលពីឆ្នាំមុន ដើម្បីពង្រីកឥទ្ធិពលវប្បធម៌នៃប្រទេសចិន និងកម្ពុជា តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការប្រាស្រ័យទាក់ទងវប្បធម៌រវាងប្រទេសចិន និងកម្ពុជា ហើយបានសម្តែងក្តីសង្ឃឹមថា កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះនឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយនៃឆ្នាំ២០២៥ ធ្វើការចាប់ដៃជាមួយដៃគូបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអត្ថន័យដ៏ជ្រាលជ្រៅនៃវប្បធម៌ចិន និងកម្ពុជាឱ្យកាន់តែទូលំទូលាយ។
កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងលើ ប្រារព្ធឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ ដោយមានដើមទ្រព្យសម្បត្តិ គោម អាំងប៉ាវ ការសរសេរពាក្យទំនឹមជូនពរ នាំឱ្យទីតាំងប្រារព្ធកម្មវិធីពោរពេញដោយបរិយាកាសសសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី ហើយមានហ្វូងមិត្តភ័ក្តិជនជាតិចិន និងកម្ពុជាយ៉ាងច្រើនកុះករបានមកចូលរួមក្នុងកម្មវិធីនេះ។
អ្នកចូលរួមជាច្រើនបានរង់ចាំនៅនឹងកន្លែង ដើម្បីទទួលបាននូវបទពិសោធន៍ នៃការទស្សនាដ៏ល្អ។ បន្ថែមពីលើការសម្តែងម៉ុងសាយ ជំនាញបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនដូចជាការប្តូរមុខ និងសិល្បៈឆុងតែ ត្រូវបានបង្ហាញក្នុងកម្មវិធី។
ការសម្តែងនានាក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដ៏អស្ចារ្យ សម្បូរបែប និងគម្រោងបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបីនេះ បានធ្វើឱ្យប្រជាជនកម្ពុជាដែលមកចូលរួមទស្សនាមានភាពភ្ញាក់ផ្អើល និងកោតសរសើរដល់ព្រឹត្តិការណ៍នេះ ដោយបាននាំគ្នាទះដៃ ដោយមានភាពរីករាយនិងចុះសម្រុងគ្នា។
អ្នកចូលរួមក៏អាចស្លៀកសំលៀកបំពាក់ប្រពៃណីចិនHanfu និងប្រពៃណីខ្មែរដោយឥតគិតថ្លៃទៀតផង។ តំបន់ជញ្ជាំងអាំងប៉ាវក៏បានទាក់ទាញមនុស្សជាច្រើនមកចូលរួមសរសេរពាក្យជូនពរឆ្នាំថ្មីរបស់ពួកគេ ហើយប្តូរយកអាំងប៉ាវឆ្នាំថ្មី និងទទួលពរជ័យ។
កម្មវិធីនេះមានបរិយាកាសបុណ្យចូលឆ្នាំចិនល្អ ពោរពេញដោយភាពសប្បាយរីករាយ និងស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ ដែលអនុញ្ញាតឱ្យមិត្តភ័ក្តិចិន និងខ្មែរទទួលបានបទពិសោធន៍ពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសចិន និងភាពទាក់ទាញនៃបរិយាកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិន។