ភ្នំពេញ ៖ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០ នាទី មានករណីក្រុមក្មេងទំនើងកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឱ្យខូចខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាអ្នកបើកបរម៉ូតូរងរបួសទេ។ ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
ក្រោយកើតហេតុការណ៍ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ក្នុងការកាប់ម៉ូតូចំនួន ១ នាក់ និងបក្ខពួកចំនួន១នាក់ នៅវេលាម៉ោង៨:៥០ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត។
ជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ប៉ាវ ស៊ីណា ( ជនដៃដល់ ) និងម្នាក់ទៀតឈ្មោះ លន់ វិល្លៀម ។
ការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចេង មុនីរ៉ា ប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវចុះចាប់ដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។
ការចាប់ខ្លួនក្មេងទំនើងទាំង០២នាក់ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ, សមត្ថកិច្ចបើកការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈក្រុមនេះនៅមានបក្ខពួកបន្ថែមទៀតដែលកំពុងរត់គេច ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ផងដែរ ។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានកាំបិត និងដាវដែលធ្វើសកម្មភាពចំនួន០២ដើមផងដែរ ។
អំពើហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិខាងលើនេះ មិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ដោយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy មួយគ្រឿងត្រូវរងការខូចខាតតែប៉ុណ្ណោះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី