ជឿថា បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានឃើញ និងក៏ដូចសម្តែងការស្លុតចិត្តរួចហើយ ចំពោះកំពូលមហាក្តឹបចោរដ៏ល្បី ដើរលួចលុយ និងទូរស័ព្ទ អាជីវករលក់ដូរ ស្ទើរគ្រប់ច្រកល្ហក ដែលមានករណីខ្លះ ក៏ត្រូវចាប់បានរួចដោះលែងវិញ ដោយសារតែក្តីអាណិត ព្រោះគិតថាជាលើកទី១ តែតាមពិត បានធ្វើសកម្មភាពរាប់សិបរាប់រយករណីរួចមកហើយ។
ពិតណាស់ ជាមួយការធ្វើសកម្មភាពលួចដ៏ជោគជ័យ ចោរវ័យក្មេងរូបនេះ គឺមានមនុស្សធំនៅពីក្រោយ ដើរដឹកទំលាក់តាមតូបលក់ដូរអាជីវករ។ តាមរយៈការប្រើល្បិចធ្វើជាចូលទិញអ្វីមួយ ហើយនៅពេលដែលអ្នកលក់ ចាកចេញពីតូប ដើម្បីទៅគិតលុយនៅមាត់ផ្លូវ។ នោះជាឱកាសដែលក្តឹបចោរដ៏ជំនាញ ចូលលួចយកលុយ និងរបស់ទ្រព្យមានតម្លៃដូចជា ទូរស័ព្ទ ដោយធ្វើសកម្មភាពយ៉ាងលឿនតែម្តង។
តែទោះជាយ៉ាងណា ថ្មីៗនេះ កំពូលក្តឹមចោររូបនេះ បានដល់ថ្ងៃអស់លក្ខណ៍ទៀតហើយ ដោយត្រូវបានក្រុមអាជីវករនៅផ្សារមួយកន្លែង នាំគ្នាចាប់បាន បន្ទាប់ពីបានធ្វើសកម្មភាពចូលបន្លំលួចទូរស័ព្ទ១គ្រឿង ពីក្នុងតូបអាជីវករជិតខាង។
ជាមួយគ្នានេះ ក៏សូមសមត្ថកិច្ចមានចំណាត់ការ ដោយត្រូវតែចាប់អ្នកនៅពីក្រោយឱ្យខានតែបាន។ ព្រោះក្រុមអាជីវករមានក្តីឈឺចាប់ណាស់ ដែលបាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ដែលខិតខំរកស៊ីលក់ដូរយ៉ាងលំបាកវេទនា ហើយអ្នកដែលទទួលផល មិនមែនជាកំពូលមហាក្តឹបចោរនេះទេ គឺអ្នកនៅពីក្រោយរៀបផែនការបញ្ជាឲ្យលួចបែបនេះតែម្តង៕