ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំជាមួយមន្ត្រីជំនាញ មកពីបណ្តាប្រទេសនានា ក្នុងតំបន់អាហ្វ្រិក ដើម្បីផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ពីគ្នា ទៅវិញទៅមក ក្នុងការត្រួតពិនិត្យកុងតឺន័រ ដើម្បីទប់ស្កាត់ទំនិញខុសច្បាប់ មានដូចជា គ្រឿងញៀន ជាដើម។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ គណៈប្រតិភូមកពីប្រទេសកេនយ៉ា អ៊ុយហ្គង់ដា តាន់សានី និងមូសំប៊ិកដែលដឹកនាំដោយលោក Javier Montano មន្ត្រីសម្របសម្រួលថ្នាក់តំបន់ នៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ ដែលជាកម្មវិធីរួមនៃការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក បានចូលជួបប្រជុំជាមួយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ នេះជាជំនួបប្រជុំលើកទីមួយ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយមន្ត្រីអនុវត្តច្បាប់ ពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ក្នុងក្របខណ្ឌកម្មវិធីត្រួតពិនិត្យកុងតឺន័រ។ កិច្ចប្រជុំនេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ។ គួរបញ្ជាក់ថា កម្មវិធីត្រួតពិនិត្យកុងតឺន័រ គឺជាគម្រោងរៀបចំរួមគ្នាដោយការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក (WCO) ហើយមានគោលបំណងទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀត។ បច្ចុប្បន្ន មានប្រទេសប្រមាណជិត ៥០ កំពុងចូលរួមអនុវត្តកម្មវិធីនេះ។
ក្នុងជំនួបនេះ គណៈប្រតិភូទាំងបួនប្រទេសបានចែករំលែកព័ត៌មាន និងបទពិសោធន៍ដោយសង្ខេប ពីប្រទេសរៀងៗខ្លួន ដែលជាលទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតឺន័រ (CCP) របស់ UNODC-WCO។ ជាកិច្ចឆ្លើយតប លោកប្រតិភូបានបញ្ជាក់ថាកម្មវិធី CCPនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងសត្វព្រៃ និងទប់ស្កាត់បទឧក្រិដ្ឋឆ្លងកាត់ព្រំដែន។ លោកប្រតិភូក៏បានជម្រាបអំពីលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តកម្មវិធីនេះ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយបញ្ជាក់ថា ក្រោមការគាំទ្រដោយ UNODC កម្ពុជាកំពុងពង្រីកកម្មវិធីនេះ ឱ្យគ្របដណ្តប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ សម្រាប់ថ្ងៃមុខ និងដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនេះ លោកប្រតិភូក៏បានគាំទ្រ និងស្នើឱ្យមន្ត្រីអនុវត្តច្បាប់នៃប្រទេសចូលរួមក្នុងកម្មវិធីនេះ ធ្វើទំនាក់ទំនង និងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្រោមកម្មវិធីត្រួតពិនិត្យកុងតឺន័រនេះ ដោយប្រើប្រាស់យន្តការពាក់ព័ន្ធផ្សេងទៀត របស់អង្គការសហប្រជាជាតិ និងអង្គការគយពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ លោក Javier Montanoក៏បានថ្លែងអំណរគុណ លោកគុណ ញឹមដែលបានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ ដើម្បីមកទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ នៅសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ (ការិយាល័យអាកាសយនដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប) និងសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ជាកិច្ចបញ្ចប់ លោកប្រតិភូក៏បានថ្លែងអំណរគុណដល់ការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) ដែលបាននិងកំពុងគាំទ្រ និងជួយសម្របសម្រួលកម្មវិធីត្រួតពិនិត្យកុងតឺន័រនេះ និងបានបញ្ជាក់ថា រដ្ឋបាលគយកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសដែលចូលរួមអនុវត្តកម្មវិធី CCP តាមរយៈការចែករំលែកព័ត៌មានសម្ងាត់ និងបទពិសោធន៍ ក្នុងការជំរុញអនុវត្តច្បាប់ ក្នុងការទប់ស្កាត់និងបង្ក្រាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀតឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ ៖ បញ្ញាស័ក្តិ