បន្ទាប់ពីមានករណីក្មេងស្រីអាយុ ៤ ឆ្នាំ នៅសាលាមត្តេយ្យ ត្រូវបានជនចម្លែកចាប់ជំរិត បង្កឱ្យមានការភ័យស្លន់ស្លោ នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលខេត្ត Hai Phong បានចេញសារបន្ទាន់មួយ ដើម្បីដឹកនាំការអប់រំគ្រប់កម្រិត ជាពិសេសសាលាមត្តេយ្យសិក្សា និងបឋមសិក្សា។
ទាក់ទងនឹងករណីនេះ គឺនៅវេលាម៉ោងប្រហែល ៤ រសៀល ថ្ងៃទី១៣ ខែមករា មាននារីវ័យក្មេងអាយុចន្លោះពី ២០ ឆ្នាំ ទៅ ២៥ ឆ្នាំ បានចូលសាលាមត្តេយ្យ Thien Huong ហើយបានសុំគ្រូយកក្មេងស្រីឈ្មោះ NTM (អាយុ ៤ ឆ្នាំ) ដោយអះអាងថាជាសាច់ញាតិ។ ដោយសារតែម្តាយរបស់ NTM តែងតែជួលនរណាម្នាក់ ឱ្យមកទទួលយកកូនស្រីបន្ទាប់ពីរៀន គ្រូក៏មានការរអ៊ូរទាំ និងយល់ព្រមឱ្យជនចម្លែកនោះទៅ។
លុះដល់ចុងម៉ោង ម្តាយរបស់ក្មេងស្រីនោះ បានផ្ញើសារទៅគ្រូសួរថា តើមានអ្នកណាមកយកកូនទេ? គ្រូបង្រៀនបាននិយាយថា មាននារីម្នាក់ពាក់វ៉ែនតាមកយកនាងហើយ។ ស្ត្រីជាម្តាយបានប្រញាប់ សួរនាំក្រុមគ្រួសារថា តើមានអ្នកណាមកយកកូនទេ ប៉ុន្តែក្រុមគ្រួសារបញ្ជាក់ថា គ្មានអ្នកណាមកយកកូននោះទេ។ ភ្លាមៗនោះ គ្រួសារក្មេងស្រីក៏បានរាយការណ៍ទៅប៉ូលីស។
ពិតជាសំណាងណាស់ គឺនៅរសៀលថ្ងៃទី១៤ ខែមករា ក្មេងស្រីរងគ្រោះ ត្រូវបានរកឃើញនៅផ្លូវ Luong Khanh Thien ស្រុក Ngo Quyen ខេត្ត Hai Phong ប្រទេសវៀតណាម)។ នៅពេលរកឃើញ សុខភាពរបស់ក្មេងស្រីមានស្ថេរភាពធម្មតា និងមិនមានបញ្ហាអ្វីនោះទេ។
បន្ទាប់មក ប៉ូលិសបានកំណត់អត្តសញ្ញាណស្ត្រីដែលយកក្មេងទៅបាត់នោះ គឺមានឈ្មោះ Dong Thi Ha Thu អាយុ ១៨ ឆ្នាំ រស់នៅសង្កាត់ Hoang Lam ក្រុង Thuy Nguyen ។ នាងបង្ហាញសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ តែទោះជាយ៉ាងណា ប៉ូលីសបានឃាត់ខ្លួន Thu ដើម្បីយកចម្លើយរបស់នាង និងផ្ទៀងផ្ទាត់ពីមូលហេតុនៃករណីនេះ។ ចំណែកគ្រូ២នាក់ដែលទទួលបន្ទុកមើលថែក្មេងៗ ត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្នផងដែរ៕