ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍, ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការគ្នាផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបំភ្លៃ បំផ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន។ ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរចំនួន ៦,៧លាននាក់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើតមុំសរសេរទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយនិងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល ប៉ុន្តែយើងមើលមុំផ្សេងៗគ្នាវាបង្កើតឱ្យមានជម្រើសច្រើន ទៅលើការផ្សព្វផ្សាយព័ត៌មានទាំងអស់នេះហើយអ្វីដែលសំខាន់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងចាប់ដៃគ្នាក្នុងការផ្សព្វផ្សាយរៀបចំជាកិច្ចប្រជុំ រៀបចំជាកម្មវិធីផ្សព្វផ្សាយ ដើម្បីជូនព័ត៌មានដល់អ្នកពាក់ព័ន្ធអំពីរបកគំហើញថ្មីៗនៃទីតាំងទេសចរណ៍ ជំរុញលើការផ្សព្វផ្សាយ ជំរុញលើសេវា និងការទាក់ទាញនូវអ្វីដែលភ្ញៀវចង់ដឹង។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់ មុននឹងរៀបចំផែនការទៅទស្សនានៅក្រៅប្រទេស អាចដាក់ផែនការទស្សនាក្នុងប្រទេសឱ្យស្គាល់ប្រទេសខ្លួនឯងសិន យើងក៏សំបូរបែបទស្សនាកម្សាន្ត មានឆ្នេរសមុទ្រ មានតំបន់ខ្ពង់រាបមានអាកាសធាតុត្រជាក់ និងមានបន្លែងដាំនៅទីនោះផ្ទាល់ជំរុញគាំទ្រគោលនយោបាយនាំចេញនៅនឹងកន្លែងគឺមានន័យថា បងប្អូនជួយជីវភាពប្រជាពលរដ្ឋ ប្រជាកសិករដាំបន្លែបង្ការ ដាំដំណាំផ្សេងៗតាមរយៈ ការធ្វើទេសចរណ៍កន្លែងហ្នឹង បង្កើនផលិតភាព បង្កើនជីវភាព អាហ្នឹងជាចំណុចធ្វើឱ្យសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងដើរច្រើន ហើយទាក់ទាញតាមរយៈគោលនយោបាយរបស់ក្រសួងទេសចរណ៍ ក៏ទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសមកចាយវាយនៅក្នុងប្រទេសដែលមិនធ្វើឱ្យលិចធ្លាយនៅខាងក្រៅប្រទេស។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាអ៊ីចឹងពេលយើងលើកទឹកចិត្តទេសចរក្នុងស្រុក គឺជាផ្នែកមួយជួយជំរុញបន្ថែមនូវការផលិតនូវផលិតផលនៅក្នុងស្រុក ហើយអាហ្នឹងហើយ គឺយើងទប់ការលិចធ្លាយចំណូលពីទេសចរទៅក្រៅប្រទេសតាមរយៈដែលយើងប្រើប្រាស់ដំណាំ និងលើកទឹកចិត្ត កាលណាដែលមានទីផ្សារប្រជាកសិករដាំ យើងនឹងផ្គត់ផ្គង់ប្រើប្រាស់បាន៕រក្សាសិទ្ធដោយ៖សុទ្ធលី