រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន រៀបចំ សន្និសីទផ្សព្វផ្សាយស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិនលើកទី១៣៧ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិននៅកម្ពុជា និងធុរជនកម្ពុជា ប្រមាណ ១២០ នាក់។ ពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន(Canton) គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដ៏ធំបំផុតរបស់ចិន និងត្រូវបានចាត់ទុកថាជាពិព័រណ៍ពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅលើពិភពលោក។
ថ្លែងក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃពិព័រណ៍ Canton និង លើកទឹកចិត្តធុរជនកម្ពុជាឱ្យចូលរួមក្នុងពិព័រណ៍នេះនាពេលខាងមុខ ដែលជា
វេទិកាដ៏មានតម្លៃសម្រាប់ធុរជនកម្ពុជាក្នុងការបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយដៃគូសក្តានុពលមកពីជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ឯកឧត្តមឧកញ៉ា បានបញ្ជាក់បន្ថែមទៀតថា សន្និសីទផ្សព្វផ្សាយនាព្រឹកនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនកម្ពុជា ទទួលបានព័ត៌មានពេញលេញពីអ្នករៀបចំពិព័រណ៍ដោយផ្ទាល់ និង អាចសាកសួរលម្អិតទៅលើផលិតផល ក៏ដូចជា សេវាកម្មផ្សេងៗនៃពិព័រណ៍នាំចេញនាំចូលប្រទេសចិន។ ហេតុនេះ ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ទៅលើវិស័យណាមួយ ផលិតផលណាមួយ ឬទៅលើក្រុមហ៊ុនចិនណាមួយ សូមទាក់ទងមកសភាណិជ្ជកម្មកម្ពុជា ដើម្បីក្រុមការងារជួយសម្របសម្រួលបានទាន់ពេលវេលា។
ពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិនលើកទី១៣៧ នឹងប្រព្រឹត្តទៅ នៅខែមេសា និង ខែឧសភា ឆ្នាំ២០២៥ ខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី