នារីវ័យ ២៧ឆ្នាំម្នាក់ នៅអាមេរិកសម្រេចចិត្តប្រមូលវិភាគទាន បានដល់ទៅ ១១០.០០០ដុល្លារ ដើម្បីតបស្នងនឹងគុណបំណាច់បុរសអនាថាម្នាក់ ធ្លាប់បានជួយនាង ២០ដុល្លារ ចុងក្រោយដែលគាត់មានក្នុងហោប៉ៅ ខណៈពេលនាងជួបរឿងចៃដន្យលើផ្លូវហាយវ៉េ -រថយន្តរបស់នាងអស់សាំងហើយនាងពុំមានលុយជាប់ខ្លួន។
Kate McClure អាយុ ២៧ឆ្នាំ នៅ Bordentown ចំណុះរដ្ឋ New Jersey អាមេរិក កំពុងបើកបររថយន្តទៅកាន់ Philadel plia តាមផ្លូវហាយវ៉េ កាលពីខែមុននោះស្រាប់តែរថយន្តរបស់នាងបានអស់សាំង។ ពេលនោះជាវេលាអាធ្រាត ហើយនាង MccClure ពិតជាមានសំណាងដែលបានជួប Johnny Bobbitt Jr បុរសអនាថាម្នាក់។
នាងពោលថា ៖ “ខ្ញុំបានប្រឹងបើករថយន្តបានចម្ងាយឆ្ងាយតាមតែអាចធ្វើបាន ក្រោយមកខ្ញុំក៏ទៅដល់ស្ថានីយ៍ប្រេង១ ជិតបំផុត។ ពេលនេះឯងខ្ញុំជួបនឹង Johnny។ ខ្ញុំពុំមានលុយទេ។ គាត់បានប្រាប់ឲ្យខ្ញុំវិលចូលរថយន្ត ហើយចាក់សោរខ្លាចក្រែងមានហេតុការណ៍មិនល្អកើតឡើង។ ប៉ុន្មាននាទីក្រោយមកគាត់វិលត្រឡប់មកវិញ ដោយនាំយកតាមសាំង១ធុង និងហុចលុយឲ្យខ្ញុំ ២០ដុល្លារ ហើយគាត់ធានាថា ខ្ញុំអាចត្រឡប់ដល់ផ្ទះបានដោយសុវត្ថិភាព”។
សាក្សីម្នាក់នៅកន្លែងចាក់សាំងនោះប្រាប់ថា ក្រោយពេល Johnny ជួយចាក់សាំងឲ្យនោះពុំឃើញនាងសងលុយបុរសមានភិនភាគចម្លែកទេ ហើយឃើញនាងបើករថយន្តចេញទៅ។
នាងបានវិលមកទីដោយយកលុយ សម្លៀកបំពាក់ និងរបស់ខ្លះៗ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់អ្នកបានជួយនាង។ ប៉ុន្តែរូបភាពរបស់បុរសអានាថានេះធ្វើឲ្យនាងនៅពុំសុខឡើយ ព្រោះតែគាត់បានយក “ទ្រព្យសម្បត្តិ” ចុងក្រោយមកជួយដល់នាងនោះ។
ហេតុនេះ McClure បានសម្រេចចិត្តត្រូវធ្វើអ្វី១ ធំធេងជាងនេះ ដើម្បីតបស្នងទង្វើរបស់ Johnny។ នាងបានបង្កើតយុទ្ធនាការប្រមែប្រមូលវិភាគទានលើបណ្តាញសង្គម Go FunDMe ហើយចែករំលែករឿងរ៉ាវនេះឡើង។ នាងគិតថា អាចរកបាន 10.000 ដុល្លារ តែអ្វីៗកើតឡើងនាងពិតជាពុំនឹកស្មាន គឺគិតត្រឹមថ្ងៃទី ២១/១១ មានវិភាគទានពីមនុស្ស ៣១០០នាក់ ហើយសរុបទឹកប្រាក់គឺដល់ទៅ ១១០.០០០ដុល្លារ សម្រាប់កាដូដល់ Johnny។
រឿងរ៉ាវនៃការតបស្នងរបស់ McClure និង Johnny ក៏ទទួលបានការស្ងើចសរសើរទាំងក្តីរំភើប ក្នុងសង្គមអាមេរិកមួយពុំសូវមានពេលវេលាគិតដល់…អ្នកដទៃនោះ៕