ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ តបទៅតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
នៅពេលអញ្ជើញដល់កម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល នឹងអញ្ជើញជួបសម្តែងការគួរសម និងជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា។
ដោយឡែក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
បន្ទាប់មក ឯកឧត្តមនិងគណៈប្រតិភូ នឹងអញ្ជើញបន្តដំណើរទៅកាន់វិមានសន្តិភាព ដើម្បីជួបសម្ដែងការគួរសមជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ីនៅកម្ពុជានាឱកាសនេះ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេស ឱ្យរឹងមាំ ស៊ីជម្រៅបន្ថែមទៀតទំាងខាង ស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ៕រក្សាសិទ្ធដោយ៖សុទ្ធលី