ខេត្តស្វាយរៀង : សេចក្តីប្រកាសព័ត៌មាន ស្តីពី “ការចោទប្រកាន់ ជនជតិវៀតណាម ចំនួន ០៨ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់សរុប ១៣.៤១៦,៥០ ក្រាម និងសារធាតុផ្សំគ្រឿងញៀន ទម្ងន់សរុប ៤៤ គីឡូក្រាម” របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី ផលិត, រក្សាទុក, ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពី ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានបង្ក្រាប កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានបញ្ជូនជន សង្ស័យជាជនជាតិវៀតណាមចំនួន ០៣ នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន៖
១-សារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ១៣.៤១៦,៥០ ក្រាម (គិតទាំងសំបកវេចខ្ចប់) មានប្រភេទ ជាមេតំហ្វេតាមីន, កេតាមីន និងអ៊ុចស្តាស៊ី ។
២-សារធាតុផ្សំគ្រឿងញៀន (សារធាតុមិនច្បាស់លាស់) ទម្ងន់សរុប ៤៤ គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់ និងហិបដែក) ។
៣-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៣ គ្រឿង, ម៉ាស៊ីនអ៊ុតគ្រឿងញៀនចំនួន ០២ គ្រឿង, ម៉ាស៊ីនក្រឡុក ថ្នាំញៀនចំនួន ០១ គ្រឿង, សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាល យុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិវៀតណាមចំនួន ០៨ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣១ អ.យ.ង ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ពីបទ ផលិត, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងផ្តើមគំនិតក្នុង អំពើផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងនៅពន្ធនាគារខេត្តព្រៃវែង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៩ កថាខណ្ឌទី១ និងទី៥, មាត្រា ៤០ កថាខណ្ឌ ទី៣ និងទី៧, មាត្រា ៤៥ កថាខណ្ឌទី១, មាត្រា ៤៧ កថាខណ្ឌទី១ និងទី៤, មាត្រា ៤៨ កថាខណ្ឌទី៣ និង ទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងតាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ ។
បន្ថែមពីការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី