ខេត្តព្រៃវែង ៖ រថយន្តកូរ៉េចំណុះ៥តោ បុក ម៉ូតូហុងដាឌ្រីម បណ្តាលឲ្យ ស្លាប់ ២នាក់ប្តីប្រពន្ធ ឯឡាននិងតៃកុងធ្លាក់ចូលទឹក នៅគល់ស្ពានអ្នកលឿងត្រើយកើត ហើយតៃកុងរថយន្តបង្កហេតុនោះ ស្លាប់ក្នុងការប៊ីនរថយន្ត ដែលលិចចូលទៅក្នុងទឹកនោះ ហើយករណីនេះបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី២៨សីហានេះ នៅចំណុចគល់ស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង។ ជនរងគ្រោះជាប្តីឈ្មោះ ឃឿន អាយុ៣៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ ធា អាយុ៣៩ឆ្នាំ អ្នកទាំង២ជាអាជីវករលក់បន្លែ នៅក្នុងផ្សារអ្នកលឿង និងមានទីលំនៅក្នុងឃុំព្រែកទំលាប់ ស្រុកលើកដែក ខេត្តកណ្តាល។ មុនពេលកើតហេតុគេឃើញប្តីប្រពន្ធជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខកណ្តាល ១R ១៥៩៤ ធ្វើដំណើរមកពីទិសខាងកើត បំរ៉ុងឆ្លងស្ពានអ្នកលឿង ឆ្ពោះទៅផ្ទះនៅឃុំព្រែកទំលាប់ ប៉ុន្តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន ដែលបើកចុះពីលើស្ពានក្នុងទិសដៅផ្ទុយគ្នា បានបើកឆ្លងទ្រូងថ្នល់ចូលមកបុកម៉ូតូជនរងគ្រោះ ផ្ទប់ទៅនិងរបាំងដែកអមសងខាងថ្នល់ បណ្តាលឲ្យស្ត្រីរងគ្រោះ គាបជាប់ជាមួយម៉ូតូនិងរបាំងដែក ចំណែក បុរសជាប្តី និងរថយន្តបង្កបានហោះចេញពីផ្លូវ ធ្លាក់ចូលទៅក្នុងទឹកលិចបាត់ទាំងរថយន្ត និងមនុស្ស។ ភ្លាមៗនោះមានបុរសម្នាក់ ដែលស្គាល់ជនរងគ្រោះ បានលោតចុះទៅក្នុងទឹករាវរកឃើញបុរសរងគ្រោះជាប្តី ស្រង់យកមកលើគោកវិញ ប៉ុន្តែជាអកុសល បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ចំណែកខាងសមត្ថកិច្ចបានអោយដឹងថា ក្រោយពីកើតហេតុភ្លាម គេបានឃាត់ខ្លួនបុរសម្នាក់ ដែលជាព្រូរថយន្តបង្ក យកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៌ ចំណែកអ្នកបើកបររថយន្តបង្ក ពុំមាននរណាម្នាក់បានឃើញទេ ហេតុនេះហើយទើបមានអ្នកខ្លះសន្និដ្ឋានថា អាចស្លាប់នៅក្នុងរថយន្តដែលលិចក្នុងទឹក៕ ដោយ ៖ បញ្ញាស័ក្តិ