ព្រះវិហារ ៖ ក្រុមការងារអន្តរក្រសួងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡេង
ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជាប្រធានគណៈប្រតិភូ និងក្រុមការងារភាគីឡាវដឹកនាំដោយ លោក Ardanada BULOME អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានជួបប្រជុំគ្នាដើម្បីពិនិត្យលទ្ធភាពនៃការសាងសង់ស្ពានទន្លេរពៅ(កម្ពុជា)-សេឡាំផាវ (ឡាវ) និងផ្លូវតភ្ជាប់ពីខេត្តព្រះវិហារ ទៅកាន់ខេត្តចម្ប៉ាសាក់នាវេទិកាឣុំទូក ខេត្តព្រះវិហារ ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពនៃការសាងសង់ស្ពានទន្លេរពៅ-សេឡាផៅ ដើម្បីតភ្ជាប់ព្រំដែននៃប្រទេសទាំងពីរក្រោយទទួលបានការលើកទឹកចិត្ត និងជំរុញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យឣាជ្ញាធរពាក់ព័ន្ធពន្លឿនការសិក្សាសាងសង់ស្ពាននេះ កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ និងលទ្ធផលនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
សូមបញ្ជាក់ជូនផងដែរថា ជំនួបពិភាក្សាក្រុមការងារកម្ពុជា-ឡាវ នាពេលនេះគឺបង្ហាញពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្នុងការជំរុញឱ្យមានការតភ្ជាប់គ្នារវាងប្រទេសជិតខាងដើម្បីលើកកម្ពស់នូវកំណើនពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ សន្តិសុខ វប្បធម៌ និងសមាហរណកម្មក្នុងតំបន់។
ស្ពាននេះនឹងប្រែក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ រស់នៅដោយសន្តិសហវិជ្ជមាន និងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ រក្សាសិទ្ធដោយ៖សុទ្ធលី