សៀមរាប ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើង នៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បេក្ខជនបេក្ខនារី និងបេក្ខសាមណ ចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ការប្រឡងសរសេរតាមអាន «សំណេរអង្គរ» បានបញ្ចប់ហើយ ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទ។ លទ្ធផលប្រឡងនឹងប្រកាសនាពេលរសៀលនេះ។
វិញ្ញាសាសរសេរតាមអាន សំណេរអង្គរលើកទី២ មានរយៈពេល១ម៉ោង ពីម៉ោង៧.០០ ដល់ម៉ោង ៨.០០ ទីកន្លែង ស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត សម័យប្រឡង៖ ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥
សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌
ក្នុងមួយជីវិត យើងគួរមកលេងអង្គរវត្តឱ្យបានម្តង»។ នេះគឺជាសុបិនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ បន្តិចម្តងៗ ក្តីសុបិននេះកាន់តែរីកសាយភាយទៅកាន់ពិភពលោក ស្របពេលដែលកេរ្តិ៍ឈ្មោះនៃរមណីយដ្ឋាន អង្គរកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។
រមណីយដ្ឋានអង្គរដែលជាដួងព្រលឹងរបស់ខ្មែរគ្រប់រូប ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ឧទ្យានជាតិអង្គរនេះលាតសន្ធឹងលើផ្ទៃដី៤០១គីឡូ ម៉ែត្រការ៉េ។ ក្នុងរយៈពេលចុងក្រោយនេះ បេតិកភណ្ឌពិភពលោកដ៏ល្អឯកលើលោកមួយនេះបានក្លាយទៅជា គោលដៅទេសចរណ៍ដ៏ប្រជាប្រិយមួយនៅលើពិភពលោក។
ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីបរទេស សិល្បករ សិល្បការិនី ល្បីៗក្នុងពិភពលោកជាច្រើនអនេកប្បការ សុទ្ធតែបានមកទស្សនារមណីយដ្ឋានអង្គរ ជាពិសេសមហា ប្រាសាទអង្គរវត្តដែលមានឈ្មោះដើមថា ព្រះបរមវិស្ណុលោក។ ទេសចរទាំងនោះបានពោលពាក្យពេចន៍សរសើរ កោតស្ញប់ស្ញែងទេពកោសល្យនៃស្ថាបត្យករនិងបុព្វការីខ្មែរដែលបានកសាងប្រាង្គប្រាសាទដូចឥន្ទនិម្មិតជា ច្រើនឥតគណនា ដែលត្រូវបានបុរាណវិទូសន្មតិថាសាងសង់នៅចន្លោះគ្រិស្តសករាជ៨០២ និងគ្រិស្តសករាជ ១៤៣១។
ក្នុងមួយឆ្នាំៗ ខេត្តសៀមរាបបានទទួលទេសចរជាតិ និងអន្តរជាតិច្រើនលាននាក់។ ពិពិធកម្ម សកម្មភាពទេសចរណ៍នៅអតីតរាជធានីយសោធរបុរៈបានចូលរួមចំណែកបង្កើនប្រាក់ចំណូលរាប់រយលាន ដុល្លារ និងបង្កើតការងារផ្ទាល់ និងប្រយោលជាច្រើនម៉ឺនសែននាក់។
សៀមរាប-អង្គរ ត្រូវបានគេចាត់ទុកជាជង្រុកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិស្តុកស្តម្ភ។ ទេសភាព វប្បធម៌នៅតំបន់អង្គរដូចជាព្រៃឈើ ដូនតា កសិណ បារាយណ៍ សត្វ មនុស្ស ជីវៈចម្រុះ កុលាលភាជន៍។ល។ មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងន័យវប្បធម៌ផង និងសេដ្ឋកិច្ចផង។ ដោយសារភាពប្រទាក់ក្រឡាខាងលើ នេះហើយ ទើបតំបន់អង្គរ ត្រូវបានគេហៅថា ជារមណីយដ្ឋានមានជីវិត។ ពេលខ្លះ ទីក្រុងសៀមរាបដ៏តូច ច្រឡឹង ដែលគ្របដណ្តប់ដោយដើមឈើធំៗត្រជាក់ត្រឈឹងត្រឈៃ ត្រូវបានអ្នកជំនាញមួយចំនួនហៅតៗគ្នា ថាជាទីក្រុងទឹក ឬជាទីក្រុងប្រាសាទ និងជាសក្ខីភាពនៃអារ្យធម៌ខ្មែរដែលឈានដល់ចំណុចកំពូល។
ជីវិតអ្នកអង្គរ ប្រពៃណីទំនៀមទម្លាប់ ដូចជា៖ បុណ្យឆ្លងចេតិយ កោរជុក កាត់សក់ បង្កក់ឆ្មប ទេសន៍ មហាជាតក ម្ហូបអាហារប្រពៃណី ព្រមទាំងសម្ផស្សប្រាង្គប្រាសាទ រូបចម្លាក់អប្សរា ចម្លាក់លិង្គ១ពាន់លើភ្នំ មហិន្ទ្រព័ត បាតុភូតសមរាត្រីលើកំពូលប្រាសាទអង្គរវត្ត ជីវិតបឹងទន្លេសាប។ល។សុទ្ធសឹងជាកំណប់វប្បធម៌និងជាកេរមរតកដែលផ្តល់ប្រាក់ចំណូលមិនចេះរីងស្ងួត ខុសពីប្រាក់ចំណូលពីអណ្តូងប្រេងកាតដែលអាចរឹង ស្ងួតនាពេលណាមួយ។
អង្គរមិនមែនគ្រាន់តែជារមណីយដ្ឋានកម្សាន្តធម្មតាឡើយ។ តាមពិត អង្គរគឺជាទីឋានសាសនាគោរព បូជាដ៏ស័ក្តិសិទ្ធិ។ ថ្មប្រាសាទចេះនិយាយ ព្រោះរូបចម្លាក់នៅលើជញ្ជាំងប្រាសាទ សិលាចារឹកសុទ្ធតែរៀបរាប់ ពីរឿងរ៉ាវរបស់ប្រជាជនខ្មែរនិងជាវណ្ណកម្មអក្សរសិល្ប៍នាបុរាណកាល។ កំណាព្យជាភាសាសំស្ក្រឹតចារលើ សិលាចារឹកនៅសម័យអង្គរបានឈានដល់កម្រិតកំពូលលើពិភពលោក។ សិលាចារឹកទាំងនេះពិពណ៌នាពី អានុភាពនៃព្រះរាជាខ្មែរដែលគ្រងរាជ្យប្រកបដោយទសពិធរាជធម៌ និងតែងតែមានហឫទ័យប្រកបទៅដោយ មេត្តា ករុណា មុទិតា និងឧបេក្ខា។ សិលាចារឹកនគរាជ គឺជាសក្ខីភាពនៃទឹកចិត្តស្នេហាជាតិខ្មែរ ដោយចារឹក ថា៖ «បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន ជាតិក្រោយៗសូមឱ្យខ្ញុំឆាប់មកកើតនៅកម្ពុជាទៀត»។
ក្នុងអំឡុងពេលស្នាក់នៅលើទឹកដីជាទីសក្ការៈនេះ អ្នកស្នេហាតំបន់អង្គរមិនត្រឹមតែទទួលបានភាព ស្រស់ស្រាយក្នុងអារម្មណ៍ប៉ុណ្ណោះទេ តែពួកគេទទួលបានចំណេះដឹងថ្មីៗជាច្រើនយ៉ាងបរិបូណ៌ពីរមណីយ ដ្ឋានអង្គរដែលជាឃ្លាំងចំណេះដឹងដ៏មហិមាមួយនេះផងដែរ។
ក្រោយចំណាយពេលទស្សនារួចហើយ រាងកាយរបស់ទេសចរអន្តរជាតិចាកទៅឆ្ងាយមែន តែកម្រង អនុស្សាវរីយ៍ល្អៗទាំងឡាយ ទេសភាពវប្បធម៌ល្អឯក និងទិដ្ឋភាពនៃប្រាង្គប្រាសាទនានា ដែលជាស្នាដៃរបស់ បុព្វបុរសខ្មែរនាសម័យមហានគរបានស្ថិតនៅក្នុងការចងចាំរបស់ពួកគេជានិច្ចនិរន្តរ៍។
សូមអញ្ជើញមកទស្សនារមណីយដ្ឋានអង្គរដែលជាទេវស្ថានជាទីសក្ការបូជា និងដែលមនុស្សជួប ជាមួយនឹងទេវៈ ៕រក្សាសិទ្ធដោយ៖សុទ្ធលី