Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន: ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត

ខេត្តសៀមរាប៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សានៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអាជ្ញាធរដែនដី តំណាងដៃគូឧបត្ថម្ភ ភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបង្ហាញក្តីរំភើបរីករាយដែលបានចូលរួមអានអត្ថបទជូនបេក្ខេជនសរសេរ ក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងទទួលបានក្តីសាទរនិងចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុលើកតម្កើងអក្សរសាស្ត្រខ្មែរ ជាពិសេសបានជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយជវភាពនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុត សម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ សូមយកឱកាសនេះដែរ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ប្រកបដោយបរិយាកាសរីករាយ និងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សាមគ្គីភាព និងការលើកតម្កើងអក្សរសាស្ត្រខ្មែរដ៏ប្រណីត ដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ព្រមទាំងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើងរឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃ។

គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២នេះ មានបេក្ខជន សរុបចំនួន ១ ២២០អង្គ/នាក់ ដែលក្នុងនោះរួមមានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន២៤អង្គ, សៀមរាប១៦អង្គ, បន្ទាយមានជ័យ៩អង្គ,រាជធានីភ្នំពេញ៦អង្គ, កំពង់ចាម៥អង្គ កណ្ដាល និងត្បូងឃ្មុំ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល ៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៨ឆ្នាំចុះក្រោម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×