Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​បោះឆ្នោត​កន្លងមក បង្ហាញ​ពី​ការចូលរួម​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​

​ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​កម្មក​រ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​បោះឆ្នោត​កន្លងមក​ដែល​បង្ហាញ​ពី​ការចូលរួម​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ជាពិសេស គឺ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​។​

​ក្នុងឱកាស អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ ១៤៧៩៩​នាក់ នៅ​តំបន់​រោងចក្រ​ផ្លូវវេង​ស្រេង សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងអំណរគុណ​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ចេញ​ទៅ​បោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះបី​មាន​ការរារាំង​ពី​ក្រុម ដេក​ផ្ទះ​ឈ្នះ​ឯង​។​

​នៅ​ព្រឹក​នៅ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ចំនួន ១៤៧៩៩​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ កិច្ច​សំណេះសំណាល​នេះ​ធ្វើឡើង​ ​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ បាន​ថ្លែងថា ការបោះឆ្នោត​របស់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​កម្ម​ក​រ កម្មការិនី និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គឺ​បាន​បង្ហាញឲ្យឃើញ​ពី​ការគាំ​ទ្រ​នូវ សុខ​សន្តិភាព​របស់​ប្រទេស​មួយ​នេះ ព្រោះ​ពួកគេ​បានដឹងថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ​អាចឈរជើង​ការពារ​នូវ​សុខសន្តិភាព​ដែល​កំពុង​មាន​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍​ត្រូវ​គិត​ដល់​កត្តា​ផ្សេងៗ​ទៀត ដែល​អាច​នាំឲ្យ​មាន​ការ​ចាកចេញ​របស់​ថៅកែ​រោងចក្រ​។ សម្តេច​តេ​ជោថា សន្តិភាព​ជា​រឿង​ធំ តែ​ការប្រកួតប្រជែង​ទីផ្សារការងារ​ជាមួយ​ប្រទេស​ដទៃ​ទៀត ក៏​ត្រូវ​តែ​គិត​ផងដែរ ដូចជា​ប្រទេស​បង់​ក្លា​ដេស​ប្រាក់បៀវត្សរ៍ ៦៧​ដុល្លារ​, ស្រីលង្កា ៦៧​ដុល្លារ​, ឥណ្ឌា ៦៧​ដុល្លារ ដល់​១៤០​ដុល្លារ​, មី​យ៉ាន់​ម៉ា ១០៨, ឥណ្ឌូណេស៊ី ១០៧​ដុល្លារ ដល់ ២៦០​ដុល្លារ​…​។ ក្នុងន័យនេះ​សម្តេចនាយក​រដ្ឋមន្ត្រី ចង់ឲ្យ​មាន​ការពិចារ​ណា​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ កម្មការិនី ពោល​មិនត្រូវ​គិតតែ​ពី​ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ឲ្យ​ថៅកែ​រោងចក្រ រកស៊ី​មិន​ចំណេញ​ហើយ​ដក​រោងចក្រ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ដទៃ​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សុខទុក្ខ​កម្មករ កម្មការិនី ជា​សុខទុក្ខ​របស់​សម្តេច ហើយ​គ្មាន​មេដឹកនាំ​ប្រទេស​ណា​ចង់​ដឹកនាំ​ប្រទេស​ឲ្យមាន​ភាពក្រីក្រ​នោះ​ទេ​។ សម្តេច​បាន​ដឹកនាំ​ប្រទេស​នេះ​ដោយ​ចាប់ផ្តើម​ពី​ស្ថានភាព​ដ៏​លំបាក ប្រជាពលរដ្ឋ​មាន​ត្រឹម ៥​លាន​នាក់ មកដល់ ១៦​លាន​នាក់​នា​ពេលបច្ចុប្បន្ន ជាមួយ​ជីវភាព​មួយ​ល្អ​ប្រសើរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រៅ​ប្រព័ន្ធ​មក​ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ឲ្យ​បុគ្គលិក និយោជិត​ទទួលបាន​អត្ថ​ប្រយោជន៍​នានា​ពី​រាជរដ្ឋាភិបាល​។ អ្វី​ដែល​សម្តេច​ចង់​បាន គឺ​សហគមន៍​រោងចក្រ​សុខសាន្ត គឺ​ថៅកែ​រោងចក្រ និង​កម្មករ កម្មការិនី​ត្រូវ​ចេះ​សហការ​គ្នា​បង្កើត​ភាព​សុខដុម​ក្នុង​រោងចក្រ ព្រោះ​ភាគី​ទាំង​ពីរ​មិន​អាច​កាត់ផ្តាច់​ពី​គ្នា​បាន​ឡើយ​។ មូលហេតុ​ដែល​នាំ​ឲ្យ​សម្តេច​ត្រូវតែ​បន្ត​ចុះ​ជួប​កម្មករ កម្មការិនី​នោះ ព្រោះ​តែ​បន្ទាប់​ពី​មាន​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ថៅកែ ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក​កន្លងមកនេះ គឺ​មិន​មាន​បាតុកម្ម​ខុសច្បាប់​កើតឡើង​ទៀត​នោះទេ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ការបើកប្រាក់​ឈ្នួល​សម្រាប់​កម្មករ កម្មការិនី​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ នឹង​មិន​បើកប្រាក់​ឈ្នួល​ប្រចាំខែ​ទៀត​ទេ គឺ​នឹង​បើកប្រាក់​ប្រចាំ​សប្តាហ៍​ម្តង គឺ​បើក​ពីរ​សប្តាហ៍​ម្តង​។ សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ​ឲ្យ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​រោងចក្រ​ឲ្យ​កាន់តែ​ល្អប្រសើរ ដូចជា​ការរៀបចំ​ឲ្យមាន​ការ​បរិភោគ​អាហារ និង​កន្លែង​ផ្តល់​សេវា​សុខភាព​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់​ដែល​បាន​រួម​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ទៅ​មុខ បន្តទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ថា ចាប់ពី​ដើម​ឆ្នាំ​២០១៩ តទៅ កម្ពុជា​នឹង​ចាប់ អនុវត្ត​ការបើក​ប្រាក់ខែ​ជាប្រចាំ ២​សប្តាហ៍​ម្តង សម្រាប់​បងប្អូន​កម្មក​រ​ព្រមទាំង​មន្ត្រីរាជការ​រួមទាំង វិស័យ​ឯកជន​ផងដែរ​៕ ​ដោយ ​៖ ​កូឡាប​

 

×