Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តចុះពិនិត្យសមិទ្ធផលការទប់ច្រាំងទន្លេក្រោយវត្តមាន់ដប់ បាក់២០០ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់

ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់របស់ស្ថាប័នជំនាញពាក់ព័ន្ធឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយសហការីជាច្រើននាក់នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យ ការសាងសង់បាវខ្សាច់យក្សតម្រាបតាមច្រាំងដងទន្លេប្រមាណ២០០ម៉ែត្រ ដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ចំពោះសមិទ្ធផលនេះត្រូវបានព្រះសង្ឃ លោកតាអាចារ្យព្រះចៅអធិការវត្ត មានភាពសប្បាយរីករាយ ដោយសារតែការជួយជ្រោមជ្រែងរបស់អាជ្ញាធរបានទាន់ពេលវេលាមិនឲ្យបាក់ដល់សមិទ្ធផលក្នុងទីអារាមមួយនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ប្រយោជន៍ការពារវត្តអារាម ដែលជាកន្លែងគោរពសក្ការៈបូជារបស់ពុទ្ធសាសនិកទាំងនៅទីជិតទីឆ្ងាយ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកធ្វើការងារនេះដោយផ្ទាល់តែម្ដង ចាប់តាំងពីចុង ខែធ្នូ ឆ្នាំ២០២៤ ដោយសហការជាមួយ អាជ្ញាធរខេត្តកំពង់ចាម បន្ទាប់ពីមានការស្នើសុំនិងសំណូមពរ ឲ្យមានកិច្ចអន្តរាគមន៍ ពីខេត្ត ទៅលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ទើបឈានឲ្យមានការសាងសង់នោះ ។ សូមបញ្ជាក់ថាការទប់ច្រាំងទន្លេមិនឲ្យបាក់ មិនមែនមានតែនៅទីនេះទេ គឺមាននៅស្រុកកងមាស កោះសូទិន កំពង់សៀមនិងស្រុកស្ទឹងត្រង់ជាដើម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×