សារព័ត៌មាន Channel 3 ថៃបានរាយការណ៍ថា នៅវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី១៨ មករា មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងពិធីបើកពិព័រណ៍កាកបាទក្រហមខេត្តណងប៊ូឡាំភូ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីដំរីមួយក្បាលបានផ្អើលដោយសារសំឡេងកាំជ្រួច ហើយបានរត់ជាន់មនុស្ស៥នាក់ បណ្តាលឲ្យរងរបួស មុនពេលរត់ចេញពីព្រឹត្តិការណ៍ និងបាត់ខ្លួនចូលព្រៃ ចម្ងាយប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។
វីដេអូឃ្លីបនៃឧបទ្ទវហេតុនេះ បានបង្ហាញពីសត្វដំរីមួយក្បាល កំពុងភ័យស្លន់ស្លោ ហើយរត់ចូលក្នុងហ្វូងអ្នកថ្មើរជើង រួមទាំងមនុស្សធំ និងក្មេងៗ បណ្តាលឲ្យដួល ហើយជាន់លើមនុស្សទាំងកម្រោល មុនពេលរត់ចូលជ្រៅទៅក្នុងព្រឹត្តិការណ៍ និងបំបុកមនុស្សជាច្រើនទៀតដែលកំពុងដើរ។ ម្ចាស់ដំរីបានព្យាយាមទាញត្រចៀក ដើម្បីបញ្ឈប់វា ប៉ុន្តែមិនបានជោគជ័យនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកពិនិត្យ និងបានដឹងថា ដំរីដែលបង្កហេតុនោះ មានអាយុ១០ឆ្នាំឈ្មោះ ឃុន ថុង និងបាននាំខ្លួនម្ចាស់របស់វាឈ្មោះ រតនា ឆៃ និងមនុស្ស២នាក់ទៀត យកមកសាកសួរនៅប៉ុស្តិ៍នគរបាលក្រុងណងប៊ូឡាំភូ។ លោក រតនា ឆេះ ជាម្ចាស់បានប្រាប់ឲ្យដឹងថា គាត់បានយកដំរីនេះមកពីផ្ទះរបស់គាត់ក្នុងខេត្ត សូរិន្ទ ។ ជាធម្មតា ដំរី ឃុនថុង មិនដែលបង្កហេតុការណ៍បែបនេះពីមុនមកទេ ហើយនេះជាលើកទីមួយហើយ។
ទោះជាយ៉ាងណា ប៉ូលីសក្រុងណងប៊ូឡាំភូ បានរាយការណ៍ថា ពួកគេបានសម្របសម្រួលជាមួយមន្ត្រីបសុសត្វ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តាមបទប្បញ្ញត្តិរបស់នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីកាត់ទោសម្ចាស់ដំរី ដែលដំបូងគេរកឃើញថា មិនមានការអនុញ្ញាតឲ្យបង្ហាញចលនារបស់សត្វចូលទៅក្នុងតំបន់ព្រឹត្តិការណ៍នេះឡើយ។
លោក ស៊ូរ៉ាសាក់ អាសនគុល អភិបាលខេត្ត ណងប៊ូឡាំភូ បានមានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះឧប្បត្តិហេតុដែលបានកើតឡើង ហើយក៏មិននឹកស្មានថាវាកើតឡើងនោះទេ។ ការិយាល័យសុខភាពសាធារណៈខេត្ត ណងប៊ូឡាំភូ បានចុះទៅមើលថែទាំអ្នករបួស និងត្រូវបានដឹងថា ពួកគេមានសុវត្ថិភាព។ តែទោះជាយ៉ាងណា លោកបានបញ្ជាឲ្យការិយាល័យបសុសត្វខេត្ត ដាក់ពាក្យបណ្តឹងប្រឆាំងម្ចាស់ដំរីនោះ ហើយបានដឹងថា នៅព្រឹកថ្ងៃទី១៩ មករា មានគេឃើញដំរីមួយក្បាលវង្វេងជុំវិញខេត្ត ណងប៊ូឡាំភូ៕
ទស្សនាវីដេអូ៖ dailymotion.com/video/x9cm6pe