កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាដៃគូសង្សារជួលរបស់នារីខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ញាត់ចូលក្រោមគ្រែមុនការចាប់ខ្លួនបុរសកូរ៉េរូបនេះមួយថ្ងៃ ខណៈមជ្ឈដ្ឋានផ្សេងៗក៏បានផ្ដោតការសង្ស័យទៅលើបុរសកូរ៉េរូបនេះផងដែរថា ជាជនដៃដល់ក្នុងការសម្លាប់នារីរងគ្រោះ នៅសណ្ឋាគារ ហូម ឈីក (HOME CHIC) ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យជាតិកូរ៉េរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ គឺចាប់ខ្លួនបានក្រោយមួយថ្ងៃនៃការស្លាប់របស់នារីខ្មែរវ័យក្មេងដែលជាជនរងគ្រោះ។
សូមរំលឹកថា នារីខ្មែរវ័យក្មេងម្នាក់ ឈ្មោះ ឃីម ពេជ្រដាលីស អាយុ២៤ឆ្នាំ ដែលជាជនរងគ្រោះក្នុងសំណុំរឿងនេះ ដំបូងឡើយត្រូវបានគេប្រទះឃើញ ត្រូវគេសម្លាប់ញាត់ចូលទៅក្រោមគ្រែក្នុងបន្ទប់សណ្ឋាគារ ហូម ឈីក (HOME CHIC) ជាន់ទី០២ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៦:១០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា បុរសជាជនបរទេសម្នាក់នេះ និងនារីវ័យក្មេងម្នាក់ជាជនរងគ្រោះ អាចជាសង្សារជួលនឹងគ្នា បាននាំគ្នាមកបើកបន្ទប់ស្នាក់នៅសណ្ឋាគារខាងលើ ជាន់ទី០២ កាលពីវេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្ដីសុខរបស់ពួកគេទាំងពីរនាក់នេះ គ្មាននរណាទៅប៉ាន់ស្មានថា មានរឿងអ្វីកើតឡើងយ៉ាងណានោះទេ? លុះដល់វេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យជាជនជាតិកូរ៉េរូបនេះ បានចុះពីបន្ទប់តែម្នាក់ឯង រួចដើរចេញពីសណ្ឋាគារធម្មតា ក្រោយមកក៏គេចខ្លួនបាត់តែម្តង គ្មាននរណាទៅដឹងថា ជននេះបានសម្លាប់ដៃគូរបស់ខ្លួនជានារីរងគ្រោះនោះទេ។
ប្រភពពីបុគ្គលិកផ្នែកអនាម័យ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃខែឆ្នាំដដែល ខ្លួនបានឡើងទៅលើបន្ទប់ គោលបំណងដើម្បីរៀបចំបន្ទប់ឱ្យស្អាតឡើងវិញ ប៉ុន្តែខណៈពេលដែលគាត់ដើរដល់ខាងមុខបន្ទប់ គឺបានឃើញទ្វារមិនបានចាក់គន្លឹះសោទេ ដោយខ្លួនស្មានថា ភ្ញៀវបានចេញពីបន្ទប់អស់ហើយ ទើបខ្លួនបានចូលទៅខាងក្នុង និងបានបោសសម្អាតបន្ទប់ធម្មតា ស្របពេលនោះ ខ្លួនបានអោនជូតក្រោមគ្រែ ក៏ស្រាប់តែប្រទះឃើញសពនារីរងគ្រោះ នៅខាងក្រោមគ្រែតែម្តង។ ភ្លាមៗនោះ ខ្លួនបានប្រញាប់រត់ចុះទៅក្រោម ដើម្បីប្រាប់ដល់អ្នកគ្រប់គ្រងសណ្ឋាគារ ជួយបន្តរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ត្រួតពិនិត្យ។
សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ បានត្រួតពិនិត្យសពរកឃើញថា សពត្រូវបានស្លាប់ដោយសារថប់ដង្ហើម (យកខ្នើយខ្ទប់មុខ) និងបានឃើញស្រោមអនាម័យចំនួន០២ បន្សល់នៅក្នុងបន្ទប់ (ប្រើប្រាស់រួច)។ ត្រួតពិនិត្យចប់សព្វគ្រប់ សពត្រូវបានវេចខ្ចប់នាំយកទៅវត្តកប់ស្រូវ នៅឯខណ្ឌព្រែកព្នៅ ដើម្បីរក្សាទុកប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គេមិនទាន់បំភ្លឺថា តើមូលហេតុអ្វីទៅ ទើបបុរសជនជាតិកូរ៉េម្នាក់នេះ សម្លាប់គូស្នេហ៍វ័យក្មេងរបស់ខ្លួននោះទេ មានតែរង់ចាំទទួលព័ត៌មានបន្តទៀតប៉ុណ្ណោះ, ប៉ុន្តែ បើតាមនារីៗនៅក្លិបរាត្រីមួយចំនួនបានផ្ដល់បទពិសោធន៍ថា ជនជាតិកូរ៉េ និងជនជាតិចិន ពេលផឹកស្រវឹង ឬបានសេពគ្រឿងញៀន មួយចំនួនណានោះ ពេលនាំសង្សារជួលទៅបើកបន្ទប់ ច្រើនតែកម្រោលបួនជ្រុង គឺទះតប់ ច្របាច់កសង្សារជួលនោះ តាមអំពើចិត្ត នាងណាគេចរួច ក៏គេចរួចទៅ នាងណារងគ្រោះ ក៏រងគ្រោះទៅ… ដូច្នេះសូមនារីៗដែលប្រកបរបរជាសង្សារជួល ចូរមានការប្រុងប្រយ័ត្នផង៕ ពិសិដ្ឋ CEN