Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន​ បានរំលឹកថា «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត» ធ្វើឱ្យសម្ដេចជម្នះបន្តនយោបាយ ប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រម្លឹកថា «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត» បានធ្វើឱ្យសម្ដេចជម្នះបន្តនយោបាយ ប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យ កសិកម្មតភ្ជាប់នឹងបរិស្ថានផងដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា (ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត) នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល ដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤។

សម្ដេចតេជោបន្តថា ទូរទស្សន៍ជាតិកម្ពុជាទើបបានរកឃើញវីដេអូ ដែលខ្ញុំចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល។ ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ ១៩៩២ ខ្ញុំបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្ម តែជាអកុសល ឆ្នាំ១៩៩៣ មានការផ្លាស់ប្តូរ រដ្ឋាភិបាល។ ក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តី និងការអនុវត្តន៍បែបល្ងិតល្ងង់ នូវសេដ្ឋកិច្ចទីផ្សារ ដោយបោះបង់ចោលអន្តរាគមន៍ចំពោះកសិករដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។ សម្ដេចតេជោបានរម្លឹកថា កសិករនៅឃុំពត់សរ ប្រហែល ១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំនៅវិមានឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ ខ្ញុំប្រញាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញរាប់ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។ ខ្ញុំចូលរួមសំពះព្រះខែនៅវត្តព្រៃជា ភូមិព្រៃស្វា ឃុំពត់សរ និងសម្រាកនៅស្រុកបាទីខេត្តតាកែវចំនួន ២យប់។

សម្ដេចតេជោគូសបញ្ជាក់ថា ឆ្លងកាត់គ្រោះរាំងស្ងួតឆ្នាំ១៩៩៤ ខ្ញុំបានកត់សម្គាល់ និងកែលើចំណុច៣គឺ ១.នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញនូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រដែលខ្ញុំដឹកនាំ ធ្វើតាំងពីឆ្នាំ១៩៨៥មក។ សម្តេចតេជោបន្តទៀតថា ឱកាសបានមកដល់ពេលគណបក្សប្រជាជនឈ្នះឆ្នោតខែកក្កដា១៩៩៨ ខ្ញុំផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយមដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជន ដើម្បីជំរុញវិស័យកសិកម្ម។ ២.ត្រូវតែមានការផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាល ប្រើរយៈពេលខ្លីវិញ។ ពេលនោះនៅកន្លែងខុសគ្នាខ្ញុំតែងនិយាយលេងទៅកាន់កសិករថា (សូមបញ្ឈប់ការធ្វើស្រូវពូជនាងពួនមកធ្វើពូជនាងសង្ហាវិញ)។ នាងពួនសំដៅលើស្រូវដែលមិនចេញព្រោះខ្វះទឹក ឯនាងសង្ហាគឺស្រូវដែលចេញ និងទទួលផល។ បញ្ហាពូជបានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុន តែវាក៏បាននឹងកំពុងចោទជាបញ្ហានៅពេលនេះដែរ។ ពីមុនរកពូជស្រូវស្រាលឆាប់បានផលព្រោះយើងខ្វះស្បៀង តែពេលនេះយើងសល់ស្រូវ ៦ ទៅ ៧លានតោន។ ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ ដូចនេះកសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស។

៣.ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រគឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។ សម្ដេចតេជោបានបន្ថែមថា ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយនូវការកាប់ព្រៃឈើធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។ សរុបមកពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំជម្នះបន្តនយោបាយ ប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។ ការផ្លាស់ប្តូរពូជរហូតប្រើពាក្យច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យ កសិកម្មតភ្ជាប់នឹងបរិស្ថានផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×