ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការលើកលែងទោសបងប្អូនជនរួមជាតិកន្លងទៅថ្មីៗនេះ គឺជាទឹកចិត្តអាណិតស្រឡាញ់ និងសណ្តោសប្រណីក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រីដែលមានសិទ្ឋិអំណាចអាចស្នើសុំការលើកលែងទោសទៅព្រះមហាក្សត្រកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា “ការលើកលែងទោសនេះ គឺបើពេលណាអាចធ្វើបាន គឺសម្តេចនឹងធ្វើដើម្បីបង្ហាញពីសាមគ្គីភាពក្នុងចំណោមបងប្អូនជនជាតិយើង។ នេះគឺមិនមែនដោយសារមានការគាបសង្តត់ពីបរទេសណានោះទេ។ ដូចសាធារណជនបានដឹងហើយថា កន្លងទៅថ្មីៗនេះ គឺបងប្អូនអ្នកទោសបានធ្វើលិខិតសុំលើកលែងទោសមកនាយករដ្ឋមន្ត្រីដូចជាករណីលោក អ៊ុំ សំអាន, លោក មាជ សុវណ្ណារ៉ា, អ្នកស្រី ទេព វណ្ណនី និងអ្នកទោសមួយចំនួនទៀត គឺពួកគេបានដឹងពីទោសកំហុសរបស់គេពិតប្រាកដ”។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យគ្រប់បណ្តាសារព័ត៌មានទាំងអស់ រួមទាំងវិទ្យុ និងទូរទស្សន៍ត្រូវយកលិខិតសុំទោសទាំងអស់នោះទៅផ្សាយជាសារធារណៈឲ្យមហាជនបានដឹងផង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្បថមិនមែនជាអបីជំនឿ និងជាភាពទ័លច្រកនោះទេ ព្រោះនៅលើពិភពលោកនេះគ្រប់មេដឹកនាំមុនចូលកាន់តំណែងត្រូវតែស្បថជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកលើកលែងទោសនាពេលប៉ុន្មានថ្ងៃនេះ មានពីរប្រភេទ គឺ ទី១៖ ប្រភេទបានធ្វើលិខិតស្នើសុំទៅសម្តេចដោយបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដូចជាលោក អ៊ុ សំអាន លោក មាជ សុវណ្ណារ៉ា និងលោកស្រី ទេព វន្នី ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយញាក់ឆ្វេងវ៉ៃស្តាំ។ ក្នុងន័យនេះសម្តេចសម្តៅដល់ទណ្ឌិត សម រង្ស៊ី ដែលសប្តាហ៍មុនបានព្យាយាមញុះសម្តេច មិនឲ្យមានការដោះលែងអ្នកទោស តែទីបំផុតសម្តេចបានលែងទាំងអស់ ដោយមិនធ្វើតាមការញុះរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។
សម្តេចតេជោ បានថ្លែងថា អ្នកដែលលើកលែងទោសដោយការព្រះរាជទានទោសពីព្រះមហាក្សត្រនោះ មិនត្រូវការសងសំណងតាមបណ្តឹងនាពេលកន្លងមក។ សម្រាប់អ្នកដែលរួចទោសតាមរយៈការអនុវត្តន៍ទោសរួចរាល់នោះត្រូវតែសងសំណងតាមបណ្តឹង ប្រមាណ ៨០០លានរៀល។ សម្តេចតេជោបន្តថា បើមិនសងទេត្រូវចូលពន្ធនាគារវិញ។ អ្នកទោសដែលបានរួចដោយការអនុវត្តន៍ទោសនាពេលកន្លងមកនេះ គឺលោក កឹម សុខ។ ប្រសិនបើមិនសងសំណងតាមបណ្តឹងនេះទេ សម្តេចប្តឹងបញ្ជូនចូលពន្ធនាគារវិញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “មិនមានការដោះលែង លោក កឹម សុខា នៅថ្ងៃស្អែកនោះឡើយ ហើយសម្តេចបានបញ្ជាសមត្ថកិច្ចចាប់មេខ្លោងដែលប្រកាសធ្វើចលនាទៅត្រៀមទទួលលោក កឹម សុខា នៅត្រពាំងថ្លុងលុង”។
សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចនៅតែបន្តប្តឹងលោក កឹម សុខា ព្រោះជាទោសក្បត់ជាតិ ហើយប្រកាសទារសំណង ៨០០លានរៀលពីលោក កឹម សុខ បើមិនសងទេ សម្តេចនឹងប្តឹងតុលាការដាក់ពន្ធនាគារវិញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត បន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់។ សវនាការដែលត្រូវចាប់ផ្តើមក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំនេះដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។
កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ជាបណ្តោះអាសន្នរយៈពេល៦ខែទៀត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។
ដោយឡែកមេធាវីម្នាក់របស់ លោក កឹម សុខា បានបញ្ជាក់ឱ្យដឹងផងដែរថា មេធាវីទាំង៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏នឹងត្រូវមានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ៕ ដោយ ៖ កូឡាប