Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិបាល ឃួង ស្រេង លើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថល ឱ្យកាន់តែច្រើនដើម្បីអនាគតមុខរបរការងារ និងប្រាក់ចំណូលគ្រួសារពួកគាត់ កាន់តែរីកចម្រើន

ភ្នំពេញ៖យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថល ឱ្យកាន់តែច្រើនដើម្បីអនាគតមុខរបរការងារនិងប្រាក់ចំណូលគ្រួសារពួកគាត់ កាន់តែរីកចម្រើន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយការ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ(នៅដី ហ្គ្រេន ធីរេស “The Grand Terrace”ខណ្ឌទួលគោក។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយ ពីអត្ថប្រយោជន៍នៃការចុះឈ្នោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហើយការចុះឈ្មោះនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ការចុះឈ្មោះនេះ គឺអាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ក្រោយចុះឈ្មោះ និង ទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងពិធីនោះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាន៍លើកឡើងដែរថា៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទៀមទាឱ្យយើងរៀបចំឱ្យមានការជួបជុំថ្ងៃនេះ ក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។ កន្លងមកបងប្អូនជាម្ចាស់អាជីវកម្មអាចចុះឈ្មោះបាននៅ តែច្រកចេញ ចូលតែមួយ។ តែសម្រាប់ពេលនេះបងប្អូនអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណប័ណ្ណនិងរូបថតគឺរួចជាស្រេច។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា៖ សំរាប់ការចុះដោយប្រព័ន្ធឌីជីថលនេះ បងប្អូនអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះ នៅធនាគារចំនួន៥ គេនឹងបំពេញការងារចុះឈ្មោះនេះឱ្យដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលានៃការចុះឈ្មោះប្រមាណ១០នាទីប៉ុណ្ណោះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ហើយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។ នេះជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា៖ ក្នុងរយៈពេលជាងមួយខែនេះ ពោលគឺចាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤មក មានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបានជាង១២០០នាក់ ដែលទៀមទា សូមឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន។ បើបងប្អូនមិនចូលរួម អាជ្ញាធរមិនសហការ នោះការងារនេះពិតជាមិនទទួលបានជោគជ័យឡើយ។ដូច្នេះសូមចូលរួមទាំងអស់គ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×