ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលជាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ហៅកាត់ថា «ស.ស.រ» ដើម្បីស្វែងយល់ពីសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ ចាប់តាំងពីសម័យហ្វូណន ក្នុងរយៈពេល២០០០ឆ្នាំ នៃប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា។
សារមន្ទីរព្រះស្រីឦសានវរ្ម័ន មានទីតាំងស្ថិតនៅអគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ និងបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកថា «សារមន្ទីរព្រះស្រីឦសានវរ្ម័ន» ត្រូវបានរៀបចំឡើងក្នុងកម្រិតស្ដង់ដាអន្តរជាតិ ដែលមានការបង្ហាញប្រកបដោយភាពច្បាស់លាស់ ងាយយល់ អំពីការវិវត្តនៃរូបិយវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង២០០០ឆ្នាំកន្លងមក។ ក្រៅពីបានយល់ដឹងអំពីរូបិយវត្ថុ និងសេដ្ឋកិច្ច អ្នកទស្សនាក៏អាចរៀនសូត្រអំពីប្រវត្តិសាស្ត្រកម្ពុជា អំពីសង្គម វប្បធម៌ និងភូមិសាស្ត្រនយោបាយពាក់ព័ន្ធ និងការវិវត្តរបស់ប្រជាជាតិខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងការស្ញប់ស្ញែងដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមគំនិតឱ្យមានការរៀបចំនូវសារមន្ទីរនេះ ហើយបានវាយតម្លៃខ្ពស់ជូន ឯកឧត្តម ជា ចាន់តូ អតីតអគ្គទេសាភិបាល និងសហការីនៃធនាគារជាតិនៃកម្ពុជា ដែលកសាងរៀបចំសារមន្ទីរដ៏ល្អមួយនេះ។ ក្នុងនាមកូនខ្មែរម្នាក់ គួរតែមកទស្សនាទីនេះ ដើម្បីជាប្រយោជន៍នៃការចេះដឹងផង និងបណ្ដុះស្មារតីស្នេហាជាតិផងដែរ។
សូមបញ្ជាក់ថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន ត្រូវបានបែងចែកជា១២ម៉ូឌុលខុសៗគ្នា ដែលបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលបានដកស្រង់ចេញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងដ៏ស្អិតរមួត រវាងរូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ច អតិផរណាជាដើម។ ជាមួយគ្នានេះ ក៏មានការរៀបចំដាក់តាំងបង្ហាញពី កាសបុរាណ ធនបត្រ សិលាចារឹក រូបថត វត្ថុសិល្បៈផ្សេងៗ ព្រមទាំងមានផ្ទាំងប៉ាណូ សៀវភៅ និងខ្សែភាពយន្តខ្លីៗ ដែលបង្ហាញពីប្រវត្តិរូបិយវត្ថុ និងការវិវត្តនៃសេដ្ឋកិច្ចដំណាក់កាលនីមួយៗ ដោយបានរៀបចំជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង៕ រក្សាសិទ្ធដោយ៖សុទ្ធលី