ខេត្តក្រចេះ : នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ អាជ្ញាធរភូមិឃុំ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង៦០នាក់ នៅសាលាសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ ជំនួបនេះ ធ្វើឡើងតាមសំណើរបស់ប្រជាកសិករ ដែលចាប់អារម្មណ៍ និងចង់ជ្រាបកាន់តែច្បាស់អំពីពូជស្រូវសែនក្រអូប០១ និងការចងក្រងសហគមន៍កសិកម្មទំនើប។
កម្មវិធីចាប់ផ្ដើមនៅវេលាម៉ោង៦ល្ងាច ដោយមានការបញ្ចាំងវីដេអូឯកសារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ដ្រី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានាអាណត្តិកន្លងមក និងប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នៅក្នុងវិស័យកសិកម្ម សម្រាប់កសិករ។ ជាមួយគ្នានោះក៏មានចាក់បញ្ចាំងវីដេអូដែលពន្យល់អំពីពូជស្រូវសែនក្រអូប០១ និងការកសាងសហគមន៍កសិកម្មទំនើប ដោយទទួលបានការចាប់អារម្មណ៍ និងសំណួរផុលផុសពីអ្នកចូលរួមផងដែរ។
នាឱកាសជួបសំណេះសំណាល លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការប្រើប្រាស់ពូជសុទ្ធ ជាពិសេសពូជយុទ្ធសាស្ត្ររបស់ខ្មែរ គឺពូជស្រូវសែនក្រអូប ដែលមានទីផ្សារល្អនិងមានស្ថិរភាពថ្លៃ ព្រមទាំងការចងក្រងសហគមន៍កសិកម្មទំនើប តាមរយៈការចូលរួមគ្នាបង្កើតឡើង ដែលអាចធ្វើឱ្យមានផលចំណេញច្រើន ដោយរៀបចំផែនការផលិត និងដោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី