ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានព្រមានថា នឹងប្ដឹងអ្នកវិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល មកឲ្យគណបក្សប្រជាជនកម្ពុជា។
ការព្រមានប្តឹងអ្នកវិភាគសង្គមរិះគន់មិនសំចៃមាត់លោក គឹម សុខ ដាក់ពន្ធនាគារវិញនេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាស ក្នុងខណ្ឌពោធិ៍សែនជ័យ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងថា លោក គឹម សុខ បានចេញពីពន្ធនាគារដោយសារការអនុវត្តន៍ទោសរួចរាល់នៅក្នុងពន្ធនាគារ មិនមែនជាការរួចទោសដោយសារការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រនោះឡើយ។ ដូច្នេះប្រាក់សំណងដែលតុលាការតម្រូវឲ្យសងដើមបណ្តឹង គឺគណបក្សប្រជាជនកម្ពុជាប្រមាណ ៨០០លានរៀលនោះ គឺនៅតែត្រូវសងដដែលមិនបានរលាយដូចអ្នកទោសដទៃដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “អ្នករួចទោសតាមរយៈការសុំលើកលែងទោសរបស់នាយករដ្ឋមន្ដ្រី ថ្វាយព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស សំណងទាំងឡាយមិនត្រូវបានសងទេ ក៏ប៉ុន្ដែផ្ទុយទៅវិញ អ្នករួចទោសដោយសាលក្រមផុតរលត់ ត្រូវតែសងលុយជំពាក់គេ”។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ដថា “អ៊ីចឹងនរណាដែលរួចទោសបែបនេះ គណបក្សប្រជាជនត្រូវគេជំពាក់ ៨០០លានរៀល អ៊ីចឹងត្រូវរកលុយសង បើមិនសងលុយទេប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោសរួចតែទោសទេ ប៉ុន្ដែលុយត្រូវសង បើករណីលើកលែងទោសអាហ្នឹងត្រូវរួចទាំងអស់ អ៊ីចឹងត្រូវបែងចែកគ្នាឲ្យច្បាស់”។
សូមរំលឹកថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារអស់រយៈពេលប្រមាណ ១៨ខែ៕ ដោយ ៖ បញ្ញាស័ក្តិ