ព្រះសីហនុ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម និង លោក យន្ត មីន ជាអភិបាលខេត្ត កាលពីព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ មន្ទីរស្ថាប័នពាក់ព័ន្ធ ចុះជួបប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ ដើម្បីស្តាប់ពីកង្វល់ និងផ្តល់ឱកាសលើកជាសំណូមពរ អាជ្ញាធរ ដើម្បីឈានទៅកំណត់អទិភាព រកដំណោះស្រាយជូនពួកគាត់ តាមពេលវេលាជាក់ស្តែង។
វេទិកាសាធារណៈនេះ ក៏បានផ្តោត និងពិភាក្សាទាក់ទងបញ្ហាសន្តិសុខ ឬការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ការរៀបចំសណ្ដាប់ធ្នាប់ ពិសេសការរៀបចំសណ្ដាប់ធ្នាប់សំណង់មិនមិនរៀបរយឬសង់គ្មានច្បាប់អនុញ្ញាត ការងារសំអាតអនាម័យបរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹងរាវ ការងារអភិវឌ្ឍមូលដ្ធាន និងការផ្ដល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ..។ល។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងអាណត្តិទី ២ ឆ្នាំ ២០១៧ នាសាលាស្រុកព្រៃនប់ បានបើកឱកាសជូនប្រជាពលរដ្ឋ និងវិស័យឯកជននានា ក្នុងមូលដ្ឋាននេះ អាចលផកជាសំណួរ និងសម្តែងមតិផ្សេងៗ មកកាន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅរកដំណោះស្រាយ។
វេទិកាសាធារណៈនេះទាំង លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបើកឱកាសដល់ប្រជាពលរដ្ឋ បានលើកជារសំណួរផ្សេងៗ និងបានដាក់ចេញ នូវប្រធានបទចំនួន ៥ មកពិភាក្សារួមមាន៖ ការងារទាក់ទងបញ្ហាសន្តិសុខ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព។ ការងាររៀបចំសណ្តាប់ធ្នាប់ និងទប់ស្កាត់សំណង់មិនរៀបរយ ឬសំណង់សង់អត់ច្បាប់។ ការងារបរិស្ថានអនាម័យ ឬការងារគ្រប់គ្រងសំណល់រឹងរាវ។ ការងារអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ។
នាឱកាសនោះ ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកវេទិកានេះ ប្រយោជន៍ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា អោយបានស្និទស្នាល រវាង ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត- រដ្ឋបាលក្រុង- រដ្ឋបាលឃុំ-សង្កាត់ ជាមួយប្រជាពលរដ្ឋ- តំណាងសង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងអ្នកពាក់ព័ន្ធនានា មកពីស្ថាប័នផ្សេងៗគ្នាដទៃទៀត អាចផ្លាស់ប្ដូរបទពិសោធន៍ ឬឈានទៅផ្ដល់ប្រឹក្សាយោបល់ ដើម្បីឈានទៅកំណត់ទិដៅអាទិភាព លើគម្រោងផែនការអភិវឌ្ឍន៍មូលដ្ឋាននីមួយៗ នាខេត្តព្រះសីហនុ អោយបានឆាប់រហ័ស និងមានប្រសិទ្ធភាព ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕ ដោយ៖ ដែន សីមា