Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យសាលារាជធានីដាក់របាំងដែកពុះចែកទ្រូងផ្លូវតាមផ្លូវ ៦០ម៉ែត្រ ជាពិសេសត្រូវពង្រឹងការត្រួតពិនិត្យលើការបើករក្រោមស្ថានភាពស្រវឹង

ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅតាមផ្លូវ ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ជាពិសេសត្រូវពង្រឹងការត្រួតពិនិត្យលើការបើករក្រោមស្ថានភាពស្រវឹង។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «ឥឡូវសាលារាជធានីត្រូវរៀបចំ ថ្ងៃមុនចុះពិនិត្យជាមួយ។ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ ឯកភាព ថាឱ្យរៀបចំ ដាក់ដែក នៅកណ្តាផ្លូវហ្នឹងទៅ។ ដើម្បីពុះ! ប៉ុន្តែទោះបីជាដែកក៏ដោយ តែមនុស្សបើក មិនប្រយ័ត្ន បុកទាំងដែកនោះបាក់ទៀត។ អ៊ីចឹងទាល់តែប្រយ័ត្ន អនុវត្តច្បាប់ ហើយការត្រួត ពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ»។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់លើករណីចរាចរណ៍, សម្ដេចក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះអត្រា អ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតកលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឱ្យបានម៉ឹងម៉ាត់។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើនការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ពិសេសនៅពេលរាត្រី ខណៈនៅតែប៉ុន្មានថ្ងៃខាងមុខនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ដោយឡែកនៅតាមផ្លូវ ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ជាពិសេសត្រូវពង្រឹងការត្រួតពិនិត្យលើការបើករក្រោមស្ថានភាពស្រវឹង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ដូច្នេះការយកចិត្តទុកលើការអនុវត្តត្រួតពិនិត្យចរាចរណ៍ និងសហការជាមួយអគ្គស្នងការនគរបាលជាតិ ពង្រឹងការយកចិត្តទុកដាក់លើករណីចរាចរណ៍ ហើយស្នងការរាជធានី-ខេត្ត សូមយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ ប៉ុន្តែ ទោះជាយ៉ាងណាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពស្រវឹងមានការថយចុះ ប៉ុន្តែ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅច្រើននៅឡើយ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់សង្គ្រាម កត្តាដែលសម្រាប់មនុស្សច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ រឿងនេះជាចំណុចមួយដែល ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដែលបង្កឱ្យមនុស្សបាត់បង់អាយុជីវិតជាច្រើននាក់នៅក្នុង១ឆ្នាំៗ ចំណុចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាយកចិត្តទុកដាក់ ហើយចូលរួមគោរពអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះសម្តេចយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។

គួរឱ្យដឹងថា នៅក្នុងរយៈពេលពេល១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើក ដោយបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១,៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ១៩៧លើក ស្មើ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១,១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ៩% (២៩៦២នាក់/៣២៦៩នាក់) នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថយនោះទេ ដែលតម្រូវការបង្កើនការផ្សព្វផ្សាយពីការអប់រំ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×