Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង។

បើតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បាន ជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងរវាងប្រទេសបារាំង និងប្រទេសកម្ពុជាលើវិស័យនានាដែលនឹងឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈជំនួបជាច្រើនក្នុងពេលខាងមុខ។ លោកទូត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជាក្នុងឆ្នាំ២០២៦ ដែលនឹង ផ្តល់ឱកាសបន្ថែមទៀតក្នុងការពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកទូត និងឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្លាស់ប្តូរយោបល់អំពីភាពចាំបាច់ក្នុងការបំពេញការងាររួមគ្នាលើបញ្ហាប្រឈមសាកលលោកសំខាន់ៗ ជាពិសេសតាមរយៈការចូលរួមកម្រិតខ្ពស់របស់កម្ពុជាក្នុងកិច្ចប្រជុំអន្តរជាតិនានា ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ មានដូចជាកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត (ថ្ងៃទី១០ និងទី១១ ខែកុម្ភៈ) និងកិច្ចប្រជុំកំពូល « Nutrition for Growth » (ថ្ងៃទី២៧ និង២៨ ខែមីនា) ក៏ដូចជាសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣(UNOC3) ដែលនឹងប្រព្រឹត្តទៅក្នុងខែមិថុនា នៅទីក្រុងនីស។

លោកឯកអគ្គរដ្ឋទូតបានរំលឹកថាប្រទេសបារាំងកំពុងតាមដានយ៉ាង យកចិត្តទុកដាក់លើការស៊ើបអង្កេតស្តីពីឃាតកម្មលើរូបលោក លិម គិម យ៉ា ពលរដ្ឋបារាំង និងជាសមាជិកបក្សប្រឆាំងកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×