Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម រៀបចំវិធានការបុរេសកម្ម ដើម្បីកាត់បន្ថយការរំខានដល់សេវាទឹកស្អាតក្នុងរដូវប្រាំង

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការធានាប្រភពទឹក ដែលចាំបាច់សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស និងកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ទឹកស្អាត នៅចុងរដូវប្រាំងខាងមុខ។

កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយប្រធានក្រុមប្រឹក្សាភិបាល និងតំណាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “យើងត្រូវប្រកាន់យកអភិក្រមដែលមានវិធានច្បាស់​លាស់ ដើម្បីកំណត់តំបន់អាចហានិភ័យប្រភពទឹក មុននឹងបញ្ហាខ្វះទឹកអាចឈានចូលមកដល់ ដោយផ្លាស់ប្តូរវិធីសាស្ត្រពីការដោះស្រាយបញ្ហាមួយករណីម្តងៗ។ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះគឺដើម្បីបង្កើតយន្តការផ្លូវការ ទៀងទាត់ និងជាសមូហភាពមួយ ដើម្បីដោះស្រាយបញ្ហាប្រភពទឹកសម្រាប់និរន្តរភាពសេវាផ្គត់ផ្គង់ទឹកស្អាត។”

ឯកឧត្តម​បាន​រំលេចអំពី​ហានិភ័យ​ដែល​បង្ក​​ដោយ​ការ​អស់ទឹកពី​ប្រភព​ទឹក ​ក្នុងករណីភាព​រាំងស្ងួតអូសបន្លាយរយៈពេលវែង ព្រមទាំងការ​​ប្រជែងក្នុងការប្រើប្រាស់​ទឹកសម្រាប់គោលបំណង​ផ្សេង​ៗ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហការរវាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន មន្ទីរពាក់ព័ន្ធក្រោមរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងជួយគ្នាដោះស្រាយពេលមានវិបត្តិ។

ក្នុងកិច្ចប្រជុំនេះ វិស័យឯកជនបានរាយការណ៍ពីការធ្លាក់ចុះបរិមាណទឹកសម្រាប់ការផលិតទឹកស្អាត ដោយប្រតិបត្តិករខ្លះបានស្នើជីកស្រះទឹកបន្ថែម និងស្តារប្រភពទឹកដែលមានស្រាប់ និងស្នើសុំការផ្តល់ប្រភពទឹកបន្ថែមសម្រាប់តែការផ្គត់ផ្គង់ទឹកស្អាត ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនបានពេញមួយឆ្នាំ។

ឯកឧត្តមហែម វណ្ណឌី បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រភពទឹក ដោយប្រកាន់ស្មារតីសហការគ្នា ព្រមទាំងបានស្នើឱ្យរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនធំៗដែលអាចនៅសល់សមត្ថភាពផលិតទឹកលើស ជួយគាំទ្រ និងលក់ទឹកដុំដល់ប្រតិបត្តិករតូចៗ ដែលនឹងជួបប្រទះការខ្វះទឹក។

ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជិតស្និទ្ធជាមួយប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្ត ដើម្បីវាយតម្លៃបញ្ហាប្រឈមទាំងនេះដោយភាពបុរេសកម្ម ដោយស្នើដំណោះស្រាយជាក់លាក់ចំពោះការធានាប្រភពទឹក និងកាត់បន្ថយការរំខានដល់សេវាទឹកស្អាតក្នុងភូមិសាស្ត្រនៃខេត្តនីមួយៗ។

ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ដែលរួមមានការវិនិយោគសំខាន់ៗលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយផ្តោតលើការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពប្រភពទឹកសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខទៀត។

ក្រសួងក៏បានកំពុងគិតគូរអំពីវិធានការជាអន្តរវិស័យ ដើម្បីសម្រេចនូវការប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងគោលដៅធានាប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពនៃវិស័យទឹកស្អាត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×