កំពត ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពត បានឲ្យដឹងថា ក្រុមក្មេងទំនើងដែលបានប្រើហឹង្សាទៅវិញទៅមកចំនួន ១១ នាក់នៅរង្វង់មូលធុរ៉េនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ត្រូវបានតុលាការចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ។
យោងតាមដីការបស់បង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមសាលាខេត្ដកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្មេងទំនើងទាំង១១នេះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចតេនា (ទៅវិញទៅមក)។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានបញ្ជាក់ថា ក្មេងទំនើងទាំង១១នាក់នេះ ត្រូវបានកម្លាំងនគរបាលរបស់លោកបង្ក្រាបបាន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ពេលដេញវៃគ្នាយ៉ាងអាណាធិបតេយ្យ នៅរង្វង់មូលធូរេន ក្រុងកំពត។
លោក ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា “សូមក្មួយៗផ្សេងៗទៀតកុំយកគំរូតាមអោយសោះ ខិតខំរៀនសូត្រធ្វើជាពលរដ្ឋល្អនិងជាកូនល្អសំរាប់ក្រុមគ្រួសារ ។ ទឹកភ្នែករបស់ឪពុកម្តាយដែលក្មួយៗធ្វើអោយពួកគាត់ស្រក់នៅពេលនេះ នឹងតមស្នងមកដល់ក្មួយៗវិញនៅពេលដែលក្មួយៗក្លាយទៅជាឪពុករបស់គេនៅថ្ងៃអនាគត ។ សង្ឃឹមថានៅពេលចេញមកវិញ ក្មួយៗនឹកភ្ញាក់រលឹកនឹងកែប្រែខ្លួនឡើងវិញ ។ 29.01.25″៕ រក្សាសិទ្ធដោយ៖សុទ្ធលី