Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ជូនដំណឹងស្តីពីការចូលរួមបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការដំណាំគ្រប់ប្រភេទ

ភ្នំពេញ ៖ បន្ទាប់ពីរដូវវស្សាបានបញ្ចប់នៅចុងខែវិច្ឆិកា រដូវប្រាំងបានឈានមកដល់ដោយបាននាំមកនូវធាតុអាកាស ក្តៅស្ងួតខ្លាំងជាបន្តបន្ទាប់ចាប់ពីខែធ្នូរហូតដល់ចុងខែមេសា។ ស្ថានភាពបែបនេះអាចបង្កនូវហានិភ័យដល់ព្រៃឈើ ព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការដំណាំផ្សេងៗទៀតដោយសារភ្លើងព្រៃដែលកើតឡើងដោយធម្មជាតិ ឬ ដោយសកម្មភាពរបស់មនុស្ស។ កត្តាចម្បងៗដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង ដោយសកម្មភាព មនុស្សមានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែស។ល។ ក្នុងន័យនេះ ដើម្បីបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃឈើ-ចម្ការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍ដែលរស់នៅក្បែរព្រៃឈើ ព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការដំណាំគ្រប់ប្រភេទរបស់រដ្ឋ ឬឯកជន មេត្តាចូលរួមជួយការពារភ្លើងឆេះព្រៃ តាមរយៈសកម្មភាពមួយចំនួន ដូចខាងក្រោម៖

១-ហាមបោះចោលកន្ទុយបារី ឬប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការយកឃ្មុំឬប្រមាញ់សត្វជាលក្ខណៈគ្រួសារ នៅក្នុងដែនព្រៃឈើ ព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការឈើដាំគ្រប់ប្រភេទ។

២-ការកាប់ឆ្ការ គាស់រាន ឈូសឆាយ ដុតព្រៃ ឬស្មៅលើផ្ទៃដីដំណាំកសិកម្មដែលនាំមកនូវភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល រហូតដល់ឆេះស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋ ជាអំពើខុសច្បាប់។ ក្នុងករណីចាំបាច់ ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណង ដាំដំណាំកសិកម្ម និងសកម្មភាព ស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តសាមី ដើម្បីណែនាំ អនុវត្តវិធានការបច្ចេកទេស សមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។

៣-ការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ (ដុតរណ្តៅជ័រ) ត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើឡោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។

៤-ក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់រាយការណ៍ និងចូលរួមទប់ស្កាត់ ជាមួយកម្លាំងសរុបដែល ដឹកនាំដោយគណៈបញ្ជាការឯកភាពស្រុក-ខេត្ត។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតត្រូវប្រកាស អាសន្ន និងប្រមូលកម្លាំងសរុបរួមមាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ឱ្យចូលរួម ដើម្បីការពារផង និងបានយល់ជ្រួតជ្រាបពីផលវិបាកដែលកើតឡើងពីភ្លើងឆេះព្រៃផង។

៥-ប្រជាពលរដ្ឋ ជាពិសេសសហគមន៍ដែលរស់នៅជិតព្រៃឈើ ព្រៃលិចទឹក ត្រូវយល់ថាការកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃដែលឆេះជាអំពើខុសច្បាប់។
៦-ចំពោះកម្មករ ឬសហគមន៍ដែលរស់នៅក្នុង ឬក្បែរចម្ការកៅស៊ូ ចម្ការឈើដាំ និងចម្ការឈើហូបផ្លែគ្រប់ ប្រភេទត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ តាមរយៈការចម្អិនអាហារឬ ប្រើប្រាស់អគ្គិសនី។ ដោយឡែក ចំពោះកសិករដែលទើបនឹងច្រូតស្រូវវស្សាបញ្ចប់ថ្មីៗ ហើយមានបំណងធ្វើស្រូវប្រាំងបន្ត ត្រូវចៀសវាងការដុតគល់ជញ្ជាំងដើម្បីសម្អាតដីដែលអាចបង្កហានិភ័យដល់ភូមិកររបស់ខ្លួន ក៏ដូចជាផលដំណាំ ផ្សេងៗទៀត។

អនុលោមតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែនដីគ្រប់ជាន់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹកនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជនណា ដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើ ថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមសាធារណជន អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តតាមខ្លឹមសារខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយចាប់ផ្តើមពីការផ្សព្វផ្សាយតាមគ្រប់រូបភាពរួមមាន ការប្រើឧឃោសនសព្ទចល័ត ចែកខិត្តប័ណ្ណ ការចុះផ្សាយ តាមបណ្តាញសង្គមអនឡាញ។ល។ ការអប់រំណែនាំ ក៏ដូចជាការអនុវត្តនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×