Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម»

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២៥។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួនក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ មានគណនេយ្យភាព ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ជាលទ្ធផលក្រសួង បានរៀបចំជារបាយការណ៍ និងការវិភាគឡើងវិញនូវមុខងារស្នូល មុខងាររង មុខងារគាំទ្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ព្រមទាំងតារាងឧបសម្ព័ន្ធទាំង៤ ចប់សព្វគ្រប់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងបានរៀបចំរបាយការណ៍វឌ្ឍនភាពនៃដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ របស់ក្រសួងពាណិជ្ជកម្ម សម្រាប់ឆមាសទី១ ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ជូនក្រសួងមុខងារសាធារណៈ ពិនិត្យ និងពិភាក្សា។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម បានសម្រេចលទ្ធផលជាជំហាននីមួយៗ តាមការរំពឹងទុកក៏ពិតមែន ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការការងារ ឆ្ពោះទៅរកការរៀបចំយន្តការប្រទាក់ក្រឡាគ្នា ផ្អែកលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ក្នុងន័យនេះ ការផ្តួចផ្តើមឱ្យមានការរៀបចំសិក្ខាសាលានារបស់ក្រសួងមុខងារសាធារណៈនាពេលនេះ គឺជាការរៀបចំដ៏សមស្រប និងពិតជាមានសារៈសំខាន់បំផុត ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម អាចស្វែងយល់ស៊ីជម្រៅជាងមុន អំពីនីតិវិធីនៃដំណើរការការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ ការតម្រង់ទិសបន្ថែមទៀត ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×